ផ្សារបោះដុំបន្លែនៅផ្សារដើមគរ រាជធានីភ្នំពេញ ក្រោយពីសាលារាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការលក់ដូរបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ខែមេសា រហូតដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២១ បន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញអាជីវករ និងសន្តិសុខយាមផ្សារ សរុបប្រមាណ ១០០នាក់ វិជ្ជមានកូវីដ-១៩។
ស្របតាមកាស្នើសុំ របស់សាលារាជធានីភ្នំពេញ រដ្ឋបាលខេត្តកណ្តាល បានជ្រើសរើសទីតាំង កីឡដ្ឋានបាល់ទាត់ ខេត្តកណ្តាល ដែលជាទីតាំង មានផ្ទៃដីប្រមាណ២ហិកតា មានទំហំធំសម្រាប់រៀបចំជាទីកន្លែងលក់ដូរ និងបោះដុំបន្លែជំនួសផ្សារដើមគរ រាជធានីភ្នំពេញជាបណ្តោះអាសន្ន។
នៅព្រឹកថ្ងៃ១៨ ខែមេសា ឆ្នាំ២០២១នេះ គណះកម្មការផ្សារ សហការជាមួយ អាជ្ញាធរ សង្កាត់តាខ្មៅ បានចុះរៀបចំ សណ្តាប់ធ្នាប់របៀបរៀបរយ សាធារណៈ ក្នុងការលក់ដូរ នៅទីតាំងដែលកំណត់ជាស្រេច។ រហូតមកទល់ពេលនេះ គេសង្កេតឃើញ សកម្មភាពអាជីវករ បានចាប់ដំណើរការលក់ដូរ បោះដុំបន្លែ ជូនអតិថិជន ជាបណ្តើរៗហើយ។
សូមបញ្ជាក់ថា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ: អភិបាលខេត្តកណ្តាល នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ក្នុងឱកាសចុះពិនិត្យទីតាំង កីឡដ្ឋានបាល់ទាត់ខេត្ត ដែលអាជ្ញាធរខេត្ត សំរេចយកជាទីតាំងផ្សារបន្លែបោះដុំ ជំនួសផ្សារដើមគរ រាជធានីភ្នំពេញ បានគូសបញ្ជាក់ថាទីតាំងដែលនឹងត្រូវបានរៀបចំ ផ្សារបោះដុំបន្លែ គឺត្រូវមានទំហំ ទូលាយ ដែលអាចរក្សាបាននូវ គម្លាត សុវត្ថិភាព និងមានសណ្ដាប់ធ្នាប់ ដើម្បីអាចទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩បាន៕
មតិយោបល់