បាត់ដំបងៈ កម្លាំងនគរបាលស្រុកថ្មគោល ចុះឡោមពទ្ធ័បង្ក្រាបទីតាំងរក្សាទុក ប្រើប្រាស់ និងជួញដូរគ្រឿងញៀនមួយកន្លែង ឃាត់ខ្លួនបានមនុស្សចំនួន៣នាក់ ដកហូតបានគ្រឿងញៀនទំងន់ ១០៣.២៩ក្រាម ។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង ៣០ នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថា បានឲ្យដឹងថា ដោយស្របតាមអនុសាសន៍ ណែនាំ របស់លោក ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាការចង្អុល បង្ហាញរបស់លោកវរសេនីយ៍ឯក សៅ សាម៉ុន ស្នង ការរងទទួលដឹកនាំអធិការដ្ឋាននគរបាលស្រុកថ្មគោល ព្រមទាំងអនុវត្តតាមវិធានការជំនាញដែលដាក់ចេញដោយលោក វរសេនីយ៍ឯក កុយ ហៀង ស្នងការរងទទួលផែនប្រឆាំងបទល្មើស រួមទាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ផងនោះ ទើបឈានទៅការស្រាវជ្រាវ ចុះបង្ក្រាប ទីតាំងខាងលើ តែម្តង ជាក់ស្តែងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ ទី១.ឈ្មោះ ឈុន សុផល ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិចបកាប់ ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ទី២.ឈ្មោះ វិន វឌ្ឍនា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ និងជនសង្ស័យ៣.ឈ្មោះ តែ ប៊ុនលាង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។
ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក ICE) ទំងន់ ១០៣.២៩ក្រាម ព្រមទាំងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀននិងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើការឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់