ចំនួនមនុស្សស្លាប់ ដោយការបង្រ្កាបរបស់កងទ័ពភូមា មានកាន់តែច្រើនឡើងៗ។ យោងតាមតួលេខចុងក្រោយរបស់អង្គការ ជួយអ្នកទោសនយោបាយនៅភូមា អ្នកស្លាប់មានចំនួន ៧៣៩នាក់ គិតចាប់ពីថ្ងៃរដ្ឋប្រហារ១កុម្ភៈមក។ ចំណែកមនុស្សជាប់ឃុំវិញ មានប្រមាណ៣៣០០នាក់។ លោក Tom Andrews អ្នករាយការណ៍អង្គការសហប្រជាជាតិប្រចាំនៅភូមា បានលើកឡើងថា របបសិកភូមា បានប្រើកម្លាំងកាន់តែខ្លាំង ដើម្បីបំបាក់រាក់ការជួបជុំតវ៉ាទាំងអស់។
បញ្ហាវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរនៅភូមា គឺជាកាលៈតេសៈមួយដ៏លំបាក សម្រាប់សមាគមអាស៊ាន។ វាប្រៀបបីដូចជាការធ្វើតេស្តមួយ ដើម្បីបង្ហាញឲ្យពិភពលោក ឃើញថា សមាគមអាស៊ាន ពិតជាមានការសាមគ្គីគ្នា ហើយពិតជាអាចមានលទ្ធភាព ជួយគូសវាសផ្លូវដើរ ដើម្បីដោះស្រាយវិបត្តិនៅភូមា។
ក្រោមការជ្រោមជ្រែងរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ជំនួបកំពូលពិសេសមួយ នឹងរៀបចំឡើង នៅថ្ងៃសៅរ៍ទី២៤មេសា នៅទីក្រុងចាការតា។ លោក មីន អ៊ុងឡាំង នាយឧត្តមសេនីយ៍កំពូល នៃកងទ័ពភូមា ត្រូវបានអាស៊ានអញ្ជើញឲ្យចូលរួម ក្នុងកិច្ចប្រជុំនេះ។ វាក៏ជាលើកទីមួយដែរ សម្រាប់លោក មីន អ៊ុងឡាំង ដែលត្រូវចេញក្រៅប្រទេស តំណាងឲ្យរបបសិក បន្ទាប់ពីបានធ្វើរដ្ឋប្រហារ នៅថ្ងៃទី១កុម្ភៈ។ លោកស្រី Christine Schraner Burgener ប្រេសិតពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការភូមា ក៏នឹងធ្វើដំណើរទៅក្រុងចាការតាដែរ ដើម្បីតាមដានការប្រជុំអាស៊ាន។
ដោយឡែក វត្តមានរបស់តំណាងកងទ័ពភូមាតែម្ខាំង នៅក្នុងការប្រជុំនេះ បានធ្វើឲ្យអាស៊ាន ត្រូវគេរិះគន់រួចទៅហើយ។ ក្រុមអ្នកប្រជាធិបតេយ្យភូមា ដែលបានបង្កើតរដ្ឋាភិបាលស្រមោលមួយ បានថ្លែងសោកស្តាយថា អាស៊ានមិនបានអញ្ជើញពួកគេឲ្យចូលរួមទេ បើទោះបីធាតុពិត គឺពួកគេ ជាអ្នកតំណាងឲ្យប្រជាជនភូមារាប់សិបលាននាក់ ដែលបានធ្វើបាតុកម្មប្រមាណជាង២ខែមកនេះ។
តាមលិខិតប្រកាសរបស់ក្រសួងការបរទេសថៃ នៅថ្ងៃព្រហស្បតិ៍នេះ លោកប្រាយុទ្ធ ចាន់អូចា បានទូរស័ព្ទទៅនិយាយជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី ដោយបានទទួលស្គាល់ថា ស្ថានភាពពេលនេះលំបាក បញ្ហាភូមាពិបាកដោះស្រាយ ហើយវិបត្តិអាចធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពសន្តិភាពនៃតំបន់អាស៊ានតែម្តង។
លោក Tanee Sangrat អ្នកនាំពាក្យក្រសួងការបរទេសថៃ បានលើកឡើងថា ប្រទេសសមាជិកអាស៊ាន ដឹងយ៉ាងច្បាស់ ថាសហគមន៍អន្តរជាតិ រំពឹង និងផ្តល់ក្តីសង្ឃឹមមកលើអាស៊ាន ក្នុងការរកច្រកផ្លូវដើរជាក់ស្តែងមួយ សម្រាប់ដោះស្រាយវិបត្តិភូមា។ លោកបានបន្ថែមថា សម្រាប់គ្រានេះ វាគឺជាតួនាទីរបស់ ប្រទេសសមាជិកអាស៊ាន និងភូមាខ្លួនឯងផ្ទាល់ ដែលត្រូវបង្ហាញភាពសាមគ្គី និងភាពគួរឲ្យទុកចិត្តជូនទៅដល់សហគមន៍អន្តរជាតិ៕
មតិយោបល់