នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ឹង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានដឹកនាំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ភាគខាងត្បូងរាជធានីភ្នំពេញ ជាមួយក្រុមហ៊ុន Kubota Metawater Joint Venture នៅទីក្រុង Tokyo ប្រទេសជប៉ុន បន្ទាប់ពីក្រុមហ៊ុននេះ បានឈ្នះការដេញថ្លៃសាងសង់កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ កន្លងទៅ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងអភិវឌ្ឍប្រព័ន្ធបង្ហូរទឹកកខ្វក់ភាគខាងត្បូងរាជធានីភ្នំពេញនេះ គឺត្រូវធ្វើឡើងក្រោមជំនួយឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈភ្នាក់ងារ JICA ក្នុងទំហំទឹកប្រាក់ប្រមាណ ២៧ លានដុល្លារ ដែលបានអនុម័តកាលពីចុងឆ្នាំ២០១៩ ប៉ុន្តែគម្រោងត្រូវបានពន្យាពេលដោយសារការសិក្សា ដោះស្រាយផលប៉ះពាល់ និងដាក់ដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់។ យ៉ាងណាមិញ គម្រោងអភិវឌ្ឍន៍នឹងត្រូវចាប់ផ្ដើមពីចុងខែមេសានេះ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍បឹងទំពុន ក្បែរគម្រោងបុរីជីបម៉ុង ឡេនម៉ាក២៧១ មានទំហំ ៣ ហិកតាក្នុងដំណាក់កាលទី១ មានសមត្ថភាពអាចបូមទឹកកខ្វក់បានប្រមាណជាង ៥,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ជាស្ថានីយបូមទឹកកខ្វក់ធំជាងគេបង្អស់ក្នុងរាជធានីភ្នំពេញ។ ម្យ៉ាងវិញទៀត ស្ថានីយនេះក៏នឹងតភ្ជាប់បណ្ដាញទឹកកខ្វក់ចេញពីស្ថានីយបឹងត្របែក ដើម្បីអាចជួយរំដោះទឹកចេញពីខណ្ឌមួយចំនួនទៀត ដូចជា ខណ្ឌចម្ការមន ខណ្ឌ៧មករា និងខណ្ឌបឹងកេងកង -ល- នៅក្នុងរដូវវស្សាបញ្ជៀសបញ្ហាទឹកលិចរាជធានីភ្នំពេញបានមួយផ្នែកផងដែរ។
យោងតាមប្រសាសន៍របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងកិច្ចប្រជុំគម្រោងអភិវឌ្ឍន៍ស្ថានីយបង្ហូរទឹកកខ្វក់ខាងលើនេះ កាលពីខែកុម្ភៈ ឆ្នាំ២០២១ បានបង្ហាញថាតំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ មានផ្ទៃដីសរុបជាង ៥២០ ហិកតា ដែលក្នុងនោះផ្ទៃដីប្រមាណ ១៩០ ហិកតា រាជរដ្ឋាភិបាលបានអនុម័តវិនិយោគដោយក្រុមហ៊ុនឯកជន និងផ្ទៃដីប្រមាណ ១៨១ ហិកតាជាដីរបស់រដ្ឋ សម្រាប់អភិវឌ្ឍន៍សាងសង់អាងស្ដុកទឹក កសាងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។
មតិយោបល់