អាជ្ញាធររាជធានីភ្នំពេញនាយប់ថ្ងៃទី២៣មេសា បានជូនដំណឹងដល់ពលរដ្ឋដែលរស់នៅក្នុង«តំបន់ក្រហម» ឲ្យទៅធ្វើតេស្តរកមេរោគកូវីដ១៩ជាកំហិត។ ការសម្រេចនេះ ត្រូវបានអាជ្ញាធរអះអាងថា ធ្វើឡើងដើម្បីកាត់ផ្តាច់ប្រភពចម្លង និងគ្រប់គ្រងការរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍។ ការប្រមូលសំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ១៩នេះ ត្រូវធ្វើឡើងទៅតាមទីតាំងចំនួន ៧ដែលអាជ្ញាធរបានកំណត់សម្រាប់តំបន់នីមួយៗ។
ពលរដ្ឋរស់នៅក្នុង «តំបន់ក្រហម» បានរៀបរាប់ប្រាប់ថា ការរៀបចំទីតាំងយកសំណាកពីសំណាក់អាជ្ញាធរនាព្រឹកនេះ នៅមានចន្លោះប្រហោង ខណៈខ្លះទៀតបានសម្តែងក្តីបារម្ភពីការឆ្លងមេរោគ១៩ អំឡុងពេលសម្រុកទៅធ្វើតេស្តយកសំណាក។
គួរជម្រាបជូនថា សាលារាជធានីភ្នំពេញ នៅថ្ងៃទី១៩មេសា បានកំណត់ដាក់សង្កាត់ស្ទឹងមានជ័យ១ ស្ទឹងមានជ័យ២ ស្ទឹងមានជ័យ៣នៃខណ្ឌមានជ័យ សង្កាត់ចោមចៅទី១នៃខណ្ឌពោធិ៍សែនជ័យ និងភូមិ១៤ ភូមិ១៦ និងភូមិ១៧ក្នុងសង្កាត់បឹងសាឡាងនៃខណ្ឌទួលគោក ឲ្យស្ថិតក្នុង «តំបន់ក្រហម»។ បើតាមសាលារាជធានីភ្នំពេញ អ្នកដែលមិនសហការដើម្បីយកវត្ថុសំណាក អាចនឹងត្រូវរងការពិន័យជាទឹកប្រាក់ចន្លោះពី១លានរៀលដល់ទៅ៥លានរៀល៕
ប្រភព៖ RFI
មតិយោបល់