ព័ត៌មានជាតិ

ឥណ្ឌូណេស៊ី​៖ ក្រុម​អ្នក​សង្គ្រោះ​បាន​រក​ឃើញ​បំណែក​ខ្លះៗ​ របស់នាវា​មុជ​ទឹក​ ដែល​បានបាត់​​ខ្លួន

ក្រុម​យោធា​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ស្វែង​រក​នាវា​មុជទឹក KRI Nanggala ​ ​ដែល​គេ​ទាក់ទង​លែង​បាន​តាំង​ពី​ថ្ងៃពុធ​ទី ២១មេសា បាន​រក​ឃើញ​បំណែក​របស់​នាវានេះ​​ជាច្រើន​ដុំ ក្នុង​នោះ​ ខ្លះ​ជា​បំណែក​នៃ​គ្រឿង​ក្នុងនាវាផង មាន​ជាអាទិ៍ បំណែក​ប្រព័ន្ធ​បាញ់​ ដប​ខ្លាញ់រំអិល​​សម្រាប់ប្រព័ន្ធ​កែវឆ្លុះ ឬ​កម្រាល​សម្រាប់​នាវិក​អង្គុយ​សូត្រធម៌ … មានន័យ​ថា​នាវាមុជទឹក​រងការ​ខូច​ខាត​ធ្ងន់ធ្ងរ​។ បំណែក​ខ្លះ​មិន​អាច​ខ្ទាត​ចេញ​មក​ក្រៅ ដោយ​គ្មានសម្ពាធពី​ខាងក្រៅ ឬ​ដោយ​គ្មានការ​ខូចខាត​ប្រព័ន្ធ​បាញ់​ទេ។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់អ្នក​នាំពាក្យ​នៃ​​ទី​បញ្ជាការដ្ឋានកងទ័ព​ជើង​ទឹក​ឥណ្ឌូណេស៊ី នៅ​ក្នុង​សន្និសីទ​កាសែត។

តាម​រយ:​ការ​រក​ឃើញ​បំណែក​នេះ ឥណ្ឌូណេស៊ី បាន​សន្និដ្ឋាន​ថា​​នាវាមុជទឹក​បាត់​ខ្លួន​ទំនង​ជា​បានលិច នៅ​​ក្នុង​បាត​សមុទ្ទ​ជម្រៅ​ប្រមាណ​ពី ៧០០​ទៅ​៨០០​ម៉ែត្រ ដែល​ជា​កម្រិត​ជ្រៅ​ជ្រុល​ ជាង​សមត្ថភាពរបស់​នាវា។ តាម​ក្បួន នាវា​មុជ​ទឹក​នេះ អាច​ចុះ​ទឹក​បាន​ត្រឹម​ជម្រៅ ៣០០​ទៅ ៤០០​ម៉ែត្រ​តែ​ប៉ុណ្ណោះ និង​ ​មិនអាច​ទ្រទ្រង់​នឹង​សម្ពាធ​ទឹក​បាន​ទេ នៅ​ធ្លាក់​ដល់​ជម្រៅជាងនេះ។ ដូច្នេះ​គេមិន​សង្ឃឹមថា​នាវិក​​ទាំង​៥៣​នាក់ អាច​នៅ​មានអាយុជីវិត​បាន​ទេ។ ម្យ៉ាង​ទៀត ជោគ​វាសនា​រួច​​ជីវិតមានកាត់​តែ​តិច​តួចខ្លាំង​ ព្រោះ​នាវា​មានបំរុង​​អុកស៊ីហ្សែន​សម្រាប់​តែ​៧២ម៉ោង​ប៉ុណ្ណោះ ដើម្បីសង្គ្រោះជីវិតក្នុង​ករណី​នាវា​​ត្រូវ​​​ដាច់​ភ្លើង​។ ប៉ុន្តែឥលូវ​ហួសម៉ោង​បាត់​ទៅ​ហើយ។

អ្នក​នាំពាក្យ​ដដែល​បានអះអាង​ជា​ថ្មី​ថា​នាវា​មុជ​ទឹកដែលផលិតនៅ​ឆ្នាំ​១៩៧៨ និង​ដែល​​​ឥណ្ឌូណេស៊ីបាន​ទទួលនៅ​ឆ្នាំ​១៩៨១ ​​​មាន​ដំណើរ​ល្អការ។ តែ​អាជ្ញាធរ​ដដែល​នេះ​​ មិន​បាន​ពន្យល់​អំពី​មូលហេតុ​ដែល​អាច​កើត​មាន​នៅ​ក្នុង​នាវា​មុជ​ទឹក​នោះ​ទេ​​ ហើយ​ក៏មិន​ឆ្លើយ​បញ្ជាក់​ដែរ​ថា​ហេតុ​អ្វី​បាន​នាវាមាន​ផ្ទុក​នាវិកលើ​ចំណុះ​​ដល់​ទៅ​៥៣នាក់ មិនមែន​ជាង​៤០​នាក់​ដូច​កំណត់។

មតិយោបល់