ក្រោយចប់ការប្រជុំនៅទីក្រុងចាការតា លោកចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី បានថ្លែងប្រាប់អ្នកកាសែតថា លោករួមជាប្រទេសសមាជិកអាស៊ានឯទៀត បានប្រាប់ទៅលោកមីន អ៊ុងឡាំង អគ្គបញ្ជាការកងទ័ពជាតិភូមា ថាត្រូវតែបញ្ឈប់ការប្រើអំពើហិង្សា បាញ់សម្លាប់ប្រជាពលរដ្ឋភូមា។ លោកបន្ថែមថា អាស៊ាន ក៏បានទាមទារផងដែរ ឲ្យកងទ័ពភូមា ត្រូវដោះលែងអ្នកទោសនយោបាយទាំងអស់ ហើយបើកផ្លូវឲ្យមានការដឹកជំនួយមនុស្សធម៌ ព្រមទាំងបើកផ្លូវ ឲ្យអ្នកសម្របសម្រួលតំណាងអាស៊ាន ចូលទៅរៀបចំការចរចា ជាមួយភាគីនយោបាយភូមា។
ដូចគ្នាដែរ លោក លី សៀនឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី បានអះអាងប្រាប់អ្នកយកព័ត៌មានថា នៅក្នុងពេលប្រជុំ លោក មីន អ៊ុងឡាំង បានទទួលស្តាប់ ការអំពាវនាវ និងការទាមទារទាំងអស់នេះ របស់អាស៊ាន។ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី អះអាងទៀតថា លោកអគ្គមេបញ្ជាការកងទ័ពជាតិភូមា មិនបានបដិសេធទេ ចំពោះការដែលអាស៊ានដើរតួនាទី ក្នុងន័យស្ថាបនា ដើម្បីធ្វើយ៉ាងណា ស្តារស្ថិរភាព សន្តិភាព និងលទ្ធិប្រជាធិបតេយ្យជូនប្រជាជនភូមា។ លោក លី សៀនឡុង បានបន្ថែមថា លោកបានស្នើទៅកាន់លោក មីន អ៊ុងឡាំង ថាត្រូវតែដោះលែងលោកស្រីអ៊ុងសាន ស៊ូជី។

គួរកត់សំគាល់ថា យោងតាមការអះអាង របស់លោកប្រធានាធិបតីឥណ្ឌូណេស៊ី និងលោកនាយករដ្ឋមន្ត្រីសិង្ហបុរីនេះ គឺក្រុមប្រទេសអាស៊ាន ហាក់បានប្រកាសជំហរជាក់ច្បាស់ និងម៉ឺងម៉ាត់ ចំពោះមុខតំណាងកងទ័ពជាតិភូមា។ តែយ៉ាងណាក៏ដោយ សេចក្តីប្រកាសរួម ស្តីពីលទ្ធផលនៃកិច្ចប្រជុំនេះ នឹងត្រូវចេញផ្សាយនៅពេលក្រោយ។

ដោយឡែក នៅក្នុងប្រទេសភូមាឯណោះវិញ ក្បួនបាតុកម្មនៅតែបន្តមាន នៅទូទាំងប្រទេស នៅថ្ងៃសៅរ៍ទី២៤មេសា។ បាតុករភូមា និងអង្គការសិទ្ធិមនុស្សខ្លះ បានចោទអាស៊ានថា មានភាពលំអៀង ដែលអញ្ជើញតែតំណាងកងទ័ពឲ្យចូលរួមប្រជុំ ចំណែកក្រុមប្រជាធិតេយ្យភូមា ដែលតំណាងឲ្យប្រជាពលរដ្ឋភូមាមួយប្រទេស ត្រូវបានគេធីបចោលទៅវិញ។
ប្រភព៖ RFIN
មតិយោបល់