ព័ត៌មានជាតិ

ឥណ្ឌាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃលើស ៣សែននាក់ ៤ថ្ងៃជាប់ៗគ្នា

 

(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១នេះបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 លើស ៣០០,០០០នាក់ក្នុងមួយថ្ងៃ សម្រាប់រយៈពេល៤ថ្ងៃជាប់ៗគ្នាមកនេះ។

បើតាមក្រសួងសុខាភិបាលឥណ្ឌា ពេញមួយថ្ងៃសៅរ៍ម្សិលមិញ មានអ្នកឆ្លង COVID-19 ចំនួន ៣៤៩,៦៩១នាក់ និង ២,៧៦៧នាក់បានស្លាប់។ ក្រោយការបូកសរុប ទិន្នន័យថ្មីខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅឥណ្ឌាកើនដល់ជាង ១៦,៩៥១,៧៦៩ករណី ក្នុងនោះមានអ្នកស្លាប់់ជិត ១៩២,៣១១នាក់ និងជាសះស្បើយវិញប្រមាណ ១៤.០៧លាននាក់ ខណៈអ្នកជំងឺ ២.៦៨លាននាក់ទៀតកំពុងសម្រាកព្យាបាល។

ការឆ្លងរាតត្បាតជំងឺ COVID-19 រលកនៅឥណ្ឌាពេលនេះ ត្រូវបានគេស្តីបន្ទោសទៅលើ វិធានការទប់ស្កាត់មិនបានតឹងរ៉ឹង ពីសំណាក់រដ្ឋាភិបាល, ការប្រមូលផ្តុំគ្នាប្រារព្ធពិធីសាសនាប្រចាំឆ្នាំ, ការធ្វើយុទ្ធនាការឃោសនានៃបក្សនយោបាយ និងជាពិសេសគឺការរាតត្បាតវីរុស COVID-19 បំប្លែងខ្លួនថ្មី៕

Sky News៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១

មតិយោបល់