ព័ត៌មានជាតិ

បារាំងបើក​ប្រទេស​​ដំណាក់កាលទីមួយ ដោយ​ឱ្យ​ថ្នាក់​មតេយ្យ​ និង​បឋម​សិក្សាចូល​រៀន​វិញ​

នៅ​ក្នុង​ដំណាក់កាលទី​មួយ នៃ​យុទ្ធសាស្ត្រ​បើក​ប្រទេស​ឡើង​វិញនេះ រដ្ឋាភិបាលរំពឹង​លើកការ​រឹត​បន្តឹងសុវត្ថិភាព​សុខភាព​នៅ​តាម​សាលាមតេយ្យ​និង​សាលាបឋម​សិក្សា ដោយ​ត្រូវបិទ​ថ្នាក់​រៀន​ណាដែល​រក​ឃើញ​​មាន​សិស្ស​វិជ្ជមាន​​ភ្លាម។ វិធានការថ្មី​​នេះ​មាន​តម្លៃ​សម្រាប់ទូទាំង​ប្រទេស​មិនមែន​តែ​ក្នុង​តំបន់​មានការ​ឆ្លង​រាតត្បាតខ្លាំង​ ដូច​វិធីសារ​ចាស់​ទេ។ ​

ជាង​នេះ​ទៅទៀត រដ្ឋាភិបាលនឹង​ពង្រឹង​សកម្មភាព​​ធ្វើ​តេស្តទឹក​មាត់​វិភាគ​រក​មេរោគកូវីដ​តាម នៅ​តាម​ថ្នាក់រៀន​ឱ្យ​ញឹកញាប់​ជាង​មុន​ ដើម្បី​ទប់​ស្កាត់​កុំឱ្យ​ការ​ចម្លង​កូវីដ​១៩​ស្ទុះ​ឡើង​វិញ​បាន។ កម្មវត្ថុ​ គឺ​ចាប់​ពី​ថ្ងៃចន្ទ​នេះ​ទៅ នឹង​មាន​ធ្វើ​​​តេស្ត​ទឹកមាត់​ឱ្យ​បាន​ ៤សែនតេស្ត ក្នុង​មួយ​សប្តាហ៍ៗ និង​ដល់​ទៅ ៦សែន​តេស្ត​ចាប់​ពី​ពាក់កណ្តាល​ខែឧសភា​ទៅ។

រដ្ឋាភិបាល​បាន​បញ្ជា​ទិញប្រដាប់​ធ្វើ​​តេស្តដោយ​ខ្លួន​ឯង​​ចំនួន ​៦៤លាន​តេស្តទៀត​ សម្រាប់​បុគ្គលិក​និង​សិស្សអាយុ​លើស​១៥ឆ្នាំ​។ ប៉ុន្តែសិស្សអនុវិទ្យាល័យ​និង​វិទ្យាល័យ ត្រូវ​រៀន​តាម​អនឡាញ​សិន។ ពួក​គេ​អាច​មករៀន​ក្នុង​ថ្នាក់​ចាប់​ពីសប្តាហ៍​ក្រោយ និងម្តង​មួយ​ក្រុមៗ។ ជា​យុទ្ធសាស្ត្រ​ដែល​រដ្ឋាភិបាល​សង្ឃឹម​ថា​នឹង​អាច​បិទ​បញ្ចប់​ឆ្នាំ​សិក្សា​ ក្នុង​១០​សប្តាហ៍​ខាង​មុខ​ តាម​សម្រួល ដោយ​មិន​បង្កឱ្យ​មានការ​រាតត្បាត​កូវីដ​ធ្ងន់ធ្ងរ​។

 

មតិយោបល់