សេចក្តីប្រកាសរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្រេចយ៉ាងដូច្នេះថា «ដកឋានន្តរស័ក្តិ និងដកចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមភូមិន្ទ ចំពោះវរសេនីយ៍ត្រី គឹម ពិសិដ្ឋ អត្តលេខ១៦៤៧១២ ជំនួយការកងវិស្វកម្ម លេខ១៨០ ស្ពានថ្នល់ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ»។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី២៥ ខែមេសាថា មន្ត្រីយោធារូបនេះ រួមនឹងបក្ខពួក២នាក់ទៀត ដែលបំពានបម្រាមគោរចរ ត្រូវបានចៅក្រមស៉ើបសួរលោក វណ្ណ សុបញ្ញា សម្រេចចោទប្រកាន់បណ្ដោះអាសន្ន ។
ពួកគេត្រូវបានឃុំខ្លួនបណ្ដោះអាសន្នដោយសាររារាំងដល់ការអនុវត្តវិធានការតាម មាត្រា ០៤, ១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ និងជម្ងឺឆ្លងកាចសាហាវផ្សេងទៀត។
កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ មន្ត្រីយោធា និងបក្ខពួកស្រវឹងស្រាបើកឡានមកដល់ចំណុចផ្លូវ១១៥ជិតស្តុប៦០ម៉ែត្រ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាកន្លែងសមត្ថកិច្ចហាមឃាត់ដោយឈ្មោះ គឹម ពិសិដ្ឋ ជាអ្នកបើក ហើយសមត្ថកិច្ចក៏បានឃាត់សួរនាំ រួចបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីសាកសួរតែម្តង។
ជនសង្ស័យទាំង៣នាក់នោះ រួមមាន៖
១៖ គឹម ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សី មុខរបរជាមន្ត្រីយោធា នៅនាយកដ្ឋានវិស្វកម្ម មានកម្រិតជាតិអាកុល ០.០៧៦មីលីត្រខ្យល់។
២៖ សាត សុម៉ាលី ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅបូរីពិភពថ្មី២ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ។
៣៖ ឈ្មោះ ណី ប៊ុនធឿន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅបុរីប៉េងហួតផ្លូវ៦០ម៉ែត្រ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ មុខរបរគ្រូចិនសែ៕
មតិយោបល់