ក្រចេះ: លោកប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបានប្រាប់Post Newsថា មានករណីហិង្សាមួយបានកើតឡើង រវាងបុរស២នាក់ បណ្តាលឲ្យភាគីម្ខាងរងរបួស និងម្ខាងទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកធ្វើការសាកសួរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមហ៊ុនដុងហ្វូក្រចេះអភិវឌ្ឍកៅស៊ូ ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សានេះបង្កដោយជនសង្ស័យឈ្មោះ ភិន សុផា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ បានយកកូនកាំបិតចិតបន្លែចាក់ទៅលើឈ្មោះ ភុក ភី ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅជាមួយគ្នា ត្រូវចំពោះបណ្ដាលឲ្យរងរបួសជាទម្ងន់។
បច្ចុប្បន្នជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ ចំណែកជនដៃដល់ កំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការរដ្ឋាននគរបាលស្រុកសំបូរ កសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់