ព័ត៌មានជាតិ

​ជិត៣ខែហើយ ដែល​លោកស្រីអ៊ុងសាន ស៊ូជី នៅមិនទាន់បានជួបក្រុម​មេធាវី​​ការពារក្តីនៅឡើយទេ

លោក ​Min Min Soe មេធាវីម្នាក់ នៃក្រុមការងារការពារក្តីជូនលោកស្រី អ៊ុងសាន ស៊ូជី បានអះអាងថា លោកស្រីអ៊ុងសាន ស៊ូជី ត្រូវបានគេអនុញ្ញាតឲ្យ​បង្ហាញមុខ តាមប្រព័ន្ធវីដេអូខុនហ្វឺរិនស៍ ជាថ្មីម្តងទៀត​ ក្នុងអង្គសវនាការ តុលាការក្រុងណៃពីដាវ កាលពីថ្ងៃចន្ទ ទី​២៦មេសា។ តាមរយៈរូបភាពវីដេអូ គឺលោកស្រីហាក់មានសុខភាពធម្មតាទេ តែមានរូបរាង្គចុះស្គមច្រើន។

នៅក្នុងអង្គសវនាកា លោកស្រីបាន​ទាមទារសុំជួប ជាមួយក្រុមមេធាវីដែលការពារក្តីជូនលោកស្រី ព្រោះថា​ជិត៣ខែមកហើយ លោកស្រី​មិនដែលបានជួប​នរណាម្នាក់ទាល់តែសោះ។ សមត្ថកិច្ច​ភូមា បាន​ឆ្លើយតបថា សម្រាប់ពេលនេះគេមិនទាន់អាចអនុញ្ញាតបានទេ ព្រោះគេកំពុងតែធ្វើការ​ មួយជំហានម្តង មួយជំហានម្តង។

លោក​ Min Min Soe បានលើកឡើងផងដែរថា លោកស្រី អ៊ុងសាន ស៊ូជី មិនត្រូវគេអនុញ្ញាត ឲ្យទទួលបានព័ត៌មាននានា និងមានទូរទស្សន៍មើលទេ។ មានន័យថា ជិត​៣ខែមកនេះ ប្រហែលជាលោកស្រី មិនបានដឹង អំពីស្ថានការណ៍ស្រុកទេស បាតុកម្ម និងការបង្រ្កាបសម្លាប់បាតុករនោះទេ។

សូមបញ្ជាក់ថា សវនាកាជំនំជំរះក្តី ​លើរូបលោកស្រីអ៊ុងសាន ស៊ូជី ត្រូវលើកទៅធ្វើនៅថ្ងៃទី ១០ ឧសភាបន្តទៀត។ មានវ័យ​៧៥ឆ្នាំ លោកស្រីត្រូវគេចាប់ខ្លួន នៅព្រឹកថ្ងៃទី១កុម្ភៈ។ តុលាការភូមា បានចោទលោកស្រី លើបទចោទប្រកាន់ចំនួន​៦ ដែលក្នុងនោះ មានដូចជាបទល្មើសរំលោភច្បាប់​កិច្ចការសម្ងាត់ជាតិ ដែលមានចំណាស់តាំងតែពីសម័យអាណានិគម និងបទល្មើសទទួលសំណូក មាន​ប្រាក់១លានដុល្លារ និងមាស១១គីឡូក្រាម។ ជាមួយ​នឹងបទចោទប្រកាន់ទាំងនេះ លោកស្រីអ៊ុងសាន ស៊ូជី អាចប្រឈមនឹងការហាមឃាត់ឲ្យឈប់ធ្វើនយោបាយ​ជារៀងរហូត និងអាចជាប់ឃុំយូរឆ្នាំថែមទៀតផង។

ដោយឡែកនៅថ្ងៃចន្ទទី​២៦មេសា ប្រជាជនភូមា នៅតែបន្តចុះផ្លូវ លើកគ្រវីទង់ក្រហម រូបហង្សពណ៌មាស ដែលជាទង់របស់គណបក្សលោកស្រីអ៊ុងសាន ស៊ូជី។ គិតមកត្រឹមពេលនេះ មានមនុស្ស​ចំនួន​ប្រមាណ​៧៥០នាក់ បានស្លាប់ ដោយការបាញ់រះ​កងទ័ពភូមា។​ ចំណែកមនុស្សជាប់​ឃុំ​វិញ មានចំនួនប្រមាណ​៣៥០០នាក់។

កាលពីថ្ងៃសៅរ៍ទី​២៤មេសា លោកមីន អ៊ុងឡាំង មេបញ្ជាការកងទ័ពជាតិភូមា បានទៅប្រជុំជាមួយថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ាន នៅទីក្រុងចាការតា។ នៅក្នុងឱកាសនោះ​ ប្រទេសអាស៊ានទាំង​៩ បានប្រាប់ទៅ​លោក​មីន អ៊ុងឡាំង ថាត្រូវតែបញ្ឈប់ការបាញ់សម្លាប់បាតុករ ហើយត្រូវបើកផ្លូវ ​ឲ្យ​តំណាង​ពិសេសរបស់អាស៊ាន ចូលទៅភូមា ឲ្យ​បានឆាប់បំផុត៕

 

មតិយោបល់