មានប្រជាជនសរុបជាង៧០លាននាក់ ប្រទេសថៃកំពុងប្រឈមនឹងសន្ទុះរាតត្បាតកូវីដ១៩ជាថ្មី ដោយរាប់ឃើញមានអ្នកឆ្លងថ្មី ដល់ទៅ ជាង ៥៧៥០០ករណី គិតត្រឹមថ្ងៃអាទិត្យទី ២៥មេសា ទល់នឹង២៩០០០ករណីប៉ុណ្ណោះ កាលពីដើមខែមេសា។ ពោលគឺចំនួនអ្នកឆ្លងថ្មីបានកើនឡើងស្ទើរទ្វេមួយពីរ ក្នុងរយៈពេលមិនជាងកន្លះខែបន្តិច។
១១នាក់ ជាចំនួនមនុស្សស្លាប់ដោយកូវីដ១៩ ក្នុងមួយ ថ្ងៃអាទិត្យទី ២៥មេសា ពោលគឺចំនួនដ៏បំផុតពុំធ្លាប់មានកត់ត្រាក្នុងបញ្ជីរបស់ថៃទេ គិតចាប់តាំងពីមានលេចជំងឺកូវីដ១៩មក។
តើអ្វីជាមូលហេតុដែលនាំឱ្យថៃដែលមានចំណាត់ការល្អ ទប់ស្កាត់កូវីដ១៩បានយ៉ាងប្រសើរក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ តាមរយៈនយោបាយត្រួតពិនិត្យព្រំដែន និងតាមដានអ្នកវិជ្ជមានកូវីដយ៉ាងតឹងតែង បែរជាមានសន្ទុះចម្លងថ្មីយ៉ាងខ្លាំងក្លាទៅវិញ នៅពេលនេះ ? នេះមកពីភាពយឺតយ៉ាវនៃយុទ្ធនាការចាក់ថ្នាំបង្ការ ដូចដែលប្រជាពលរដ្ឋបានស្រែករិះគន់រដ្ឋាភិបាលមែនឬ ? បើប្រៀបធៀបនឹងប្រទេសជិតខាងក្នុងតំបន់ ដំណើរការចាក់ថ្នាំបង្ការជូនប្រជាពលរដ្ឋថៃមានការយឺតយ៉ាវខ្លាំងជាងគេមែន។
ប្រឈមនឹងសម្រែកនេះ នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធចាន់អូចាបានប្រកាសតាមប្រព័ន្ធសង្គមហ្វេសប៊ុក ថារដ្ឋាភិបាលនឹងខិតខំប្រឹងស្វែងរកវ៉ាក់សាំង ដើម្បីអាចសម្រេចកម្មវត្ថុចាក់ជូនប្រជាពលរដ្ឋ ឱ្យបាន៣០ម៉ឺននាក់ក្នុងថ្ងៃ។
ដោយឡែកនៅប្រទេសឡាវ ដែលហាក់ដូចជាពុំរងការរាតត្បាតខ្លាំងក្នុងរលកដំបូងនោះ អាជ្ញាធរបានប្រកាសដាក់ក្រុងវៀងចន្ទក្នុងភាពអាសន្ន និងហាមប្រជាពលរដ្ឋមិនឱ្យចេញក្រៅផ្ទះ លើកលែងតែករណីចាំបាច់ត្រូវទៅផ្សារទិញម្ហូប និងទៅពេទ្យ ព្រោះការចម្លងចាប់មានល្បឿនខ្លាំង មិនដល់មួយសប្តាហ៍ផងឡាវរាប់ឃើញមានអ្នកឆ្លងឡើងពី ៥៨ ដល់ ៣២៣នាក់៕
មតិយោបល់