ព័ត៌មានជាតិ

ឥណ្ឌាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃលើស ៣០០,០០០នាក់ ៦ថ្ងៃជាប់ៗគ្នា

 

(ញូដេលី)៖ ឥណ្ឌានៅថ្ងៃអង្គារ ទី២៧ ខែមេសានេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ប្រមាណ ៣២៣,១៤៤នាក់ទៀតដែលជាតួលេខអ្នកឆ្លងប្រចាំថ្ងៃ លើស ៣០០,០០០នាក់ ០៦ថ្ងៃជាប់ៗគ្នាមកហើយ។

 

ចំនួនអ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិត ក្នុងមួយថ្ងៃៗក៏កំពុងកើនឡើងផងដែរ ដោយគិតត្រឹម ២៤ម៉ោងចុងក្រោយនេះ អ្នកជំងឺចំនួន ២,៧៧១នាក់ទៀតបានស្លាប់។ ក្រោយការបូកសរុបទិន្នន័យថ្មីៗ ធ្វើឲ្យចំនួនអ្នកឆ្លង COVID-19 សរុបនៅឥណ្ឌាកើនដល់ ១៧.៦២លានករណី ក្នុងនោះមានអ្នកស្លាប់សរុបជិត ១៩៨,០០០នាក់ និងជាសះស្បើយវិញ ១៤.៥៤លាននាក់។

ប្រឈមមុខនឹងការកើនឡើងករណីឆ្លង COVID-19 យ៉ាងគំហុក នៅក្នុងប្រទេសឥណ្ឌា បណ្ដាប្រទេសជាច្រើនបានសម្រេចចិត្តផ្អាកជើងហោះហើរមកពីឥណ្ឌា ហើយ មួយចំនួនទៀតចាប់ផ្ដើមបញ្ជូនជំនួយដើម្បីជួយប្រទេសអាស៊ីខាងត្បូងមួយនេះ៕

Reuters៖ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១

 

មតិយោបល់