តាមរយៈសារសំឡេង ដែលផ្ញើទៅសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងផ្ញើទៅលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ពេលសម្តេចកំពុងហាត់ប្រាណ គឺសម្តេចបានចេញបញ្ជាឲ្យ ក្រសួងការពារជាតិ ទទួលភារកិច្ចពីគណៈកម្មការចំពោះកិច្ច ដើម្បីបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋក្នុងតំបន់ក្រហមនេះ ហើយក្នុងយុទ្ធនាការនេះត្រូវធ្វើឲ្យបានលឿនបំផុត។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «បន្តិចទៀតខ្ញុំប្រាប់ទៅលោកជំទាវ ឱ វណ្ណឌីន ហើយឲ្យកងទ័ពចូលធ្វើតែម្តង ហើយដើម្បីចៀសវាងប្រជាជនចេញពីតំបន់ក្រហមមកចាក់ខាងក្រៅ ទ័ពចូលទៅរកទីតាំងនៅក្នុងហ្នឹង ដោយទទួលយកភារកិច្ចពីគណៈកម្មការចំពោះកិច្ច ឲ្យកងទ័ពអនុវត្តតែម្តង យកវ៉ាក់សាំងចាក់ជូនប្រជាជននៅតំបន់ហ្នឹង។
សម្តេចបន្តថា «ពេលចាក់វ៉ាក់សាំងហ្នឹង កុំខ្វល់ថាប្រជាជនមកពីត្រង់ណាអី ឲ្យតែយល់ព្រមចាក់ គឺចាក់ឲ្យតែម្តង ហើយចេញកាតឲ្យគាត់ទៅ ព្រោះសុទ្ធតែប្រជាជនយើងដដែល តែយើងត្រូវមានសណ្តាប់ធ្នាប់ ដោយសារយើងខ្វះកន្លែង អញ្ចឹងយើងត្រូវឲ្យអាជ្ញាធរមូលដ្ឋានកំណត់ថា ថ្ងៃនេះ ភូមិនេះ ថ្ងៃនោះភូមិនោះ។ អញ្ចឹងយើងយើងអាចចាប់ផ្តើមយុទ្ធនាការថ្នាក់ជាតិ ប្រើកម្លាំងកងទ័ពចាក់តែម្តង»។
មតិយោបល់