ព័ត៌មានជាតិ

កូវីដ-១៩ បំប្លែងខ្លួនថ្មីដែលកំពុងលុកលុយឥណ្ឌា ត្រូវបានរកឃើញក្នុងប្រទេសចំនួន១៧, នេះបើតាម WHO

 

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា វីរុសកូរ៉ូណា (COVID-19) បំប្លែងខ្លួនថ្មី ដែលបានរកឃើញដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេរកឃើញនៅក្នុងប្រទេសចំនួន ១៧ហើយ។

បើតាមអង្គការ WHO វីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលត្រូវបានរកឃើញដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា ឬគេស្គាល់ថា B1617 គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ ត្រូវបានគេរកឃើញជាលំដាប់ជាង ១,២០០ករណី ដែលបានបញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យបើកចំហ GISAID មកពីប្រទេសយ៉ាងហោចណាស់ចំនួន ១៧។

WHO បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ ធ្វើបច្ចុប្បន្នភាពប្រចាំសប្តាហ៍របស់ខ្លួន ស្តីពីវីរុសឆ្លងរាតត្បាតនោះថា ករណីភាគច្រើនបានពាក់ព័ន្ធនឹងប្រទេសឥណ្ឌា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសិង្ហបុរី។ នាពេលថ្មីៗនេះ WHO បានចុះបញ្ជីវីរុស COVID-19 បំប្លែងខ្លួនថ្មីប្រភេទ B1617 ជា «វីរុសបំប្លែងខ្លួនដែលត្រូវផ្តោតចំណាប់អារម្មណ៍»។

ក្រុមអ្នកជំនាញភាគច្រើនជឿជាក់ថា B1617 មានគ្រោះថ្នាក់ជាងវីរុសដើម ដូចជាអាចមានសមត្ថភាពចម្លងបានលឿនអាចបណ្ដាលឱ្យស្លាប់ ឬអាចប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំងបាន៕

AFP៖ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១

មតិយោបល់