ភ្នំពេញៈ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បានថ្លែងនាថ្ងៃទី ២ កញ្ញា ឆ្នាំ ២០១៦នេះ បានឲ្យដឹងថា លោកប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំឲ្យស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ធ្វើអន្តរាគមន៍ដោះស្រាយជាបន្ទាន់ បន្ទាប់ពីបានទទួលដំណឹងថា មានពលករខ្មែរចំនួន១៦នាក់ ត្រូវបានឃាត់ខ្លួននៅខេត្តសាកែវ ខណៈដែលពួកគេធ្វើដំណើរពីទីក្រុងបាងកកត្រឡប់មកកម្ពុជាវិញ ដោយពុំមានលិខិតឆ្លងដែនឬឯកសារធ្វើដំណើរ។
ស្ថានអគ្គកុងស៊ុល បានចុះជួបសួរសុខទុក្ខពលករខ្មែរទាំង១៦នាក់ (បុរស៧នាក់ – នារី៩នាក់) នៅអគ្គបញ្ជាការដ្ឋានកងទ័ពកម្លាំងបូព៌ាថៃ ស្រុកវឌ្ឍណាណាខន ខេត្តសាកែវ ហើយទទួលបានព័ត៌មានថា ពួកគេជាពលករស្របច្បាប់ ដែលបានធ្វើការនៅរោងចក្រកាត់ដេរ នៅទីក្រុងបាងកក។ ពលករទាំង១៦នាក់ បានសម្រេចចិត្តសុំឈប់ពីការងារ ប៉ុន្តែថៅកែពុំព្រមឲ្យឈប់ និងបានដកហូតលិខិតឆ្លងដែនរបស់ពួកគាត់ទុក។ ស្ថានអគ្គកុងស៊ុល បានសម្របសម្រួលជាមួយអាជ្ញាធរថៃ ឲ្យមានការដោះលែងពលករខ្មែរ ហើយបានទាក់ទងជាមួយថៅកែថៃឲ្យប្រគល់លិខិតឆ្លងដែន ដល់ពលករខ្មែរទាំង១៦នាក់ នេះវិញ។
ក្រោយពេលទទួលបានលិខិតឆ្លងដែន ស្ថានអគ្គកុងស៊ុលបានរៀបចំជូនដំណើរពលករទាំង១៦នាក់នេះ ត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាព តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦។ពលករទាំង១៦នាក់ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ និងមានឈ្មោះទី១. យូ សារឿម ភេទប្រុស អាយុ២៥ឆ្នាំ នៅស្រុកមង្គលបុរី ។ទី២. យូ គឹមហួយ ភេទស្រី អាយុ២៧ឆ្នាំ នៅស្រុកមង្គលបុរី ។ទី៣.យូ សេរី ភេទប្រុស អាយុ២៥ឆ្នាំ នៅស្រុកមង្គលបុរី ។ទី៤.យូ គឹមហ៊ុន ភេទស្រី អាយុ២៥ឆ្នាំ នៅស្រុកមង្គលបុរី ។ទី៥.ឡូយ ឡាត់ ភេទប្រុស អាយុ២២ឆ្នាំ នៅស្រុកព្រះនេត្រព្រះ ។៦.ឡូ ណាស៊ី ភេទស្រី អាយុ៣៩ឆ្នាំ នៅស្រុកព្រះនេត្រព្រះ ។ទី៧.រ៉ុមតេង ភេទស្រី អាយុ១៩ឆ្នាំ នៅស្រុកព្រះនេត្រព្រះ។ទី៨.តេ ស៊ុន ភេទស្រី អាយុ២៣ឆ្នាំ នៅស្រុកព្រះនេត្រព្រះ។ ទី៩. តៃ ទី ភេទស្រី អាយុ២០ឆ្នាំ នៅស្រុកព្រះនេត្រព្រះ ទី១០. ឡុំ លឿ ភេទប្រុស អាយុ២១ឆ្នាំ នៅស្រុកព្រះនេត្រព្រះ ។ទី១១. ថា បារាំង ភេទប្រុស អាយុ២១ឆ្នាំ នៅស្រុកព្រះនេត្រព្រះ ។ទី១២. ថាន់ សុភណ្ឌ ភេទប្រុស អាយុ២៨ឆ្នាំ នៅស្រុកព្រះនេត្រព្រះ ។ ទី១៣.សួន កាន ភេទប្រុស អាយុ២៣ឆ្នាំ នៅស្រុកព្រះនេត្រព្រះ ទី១៤.ញ៉ូវ គៀត ភេទស្រី អាយុ២១ឆ្នាំ នៅស្រុកព្រះនេត្រព្រះ ។ទី១៥. ស៊ុន ប៊ុនធៀវ ភេទស្រី អាយុ២០ឆ្នាំ នៅស្រុកព្រះនេត្រព្រះ។ និងទី១៦. ខឿង សុឃឿម ភេទស្រី អាយុ២០ឆ្នាំ នៅស្រុកព្រះនេត្រព្រះ ៕
មតិយោបល់