ព័ត៌មានជាតិ

ឥណ្ឌាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងមួយថ្ងៃ ៣៨៦,៤៥២នាក់, ស្លាប់ ៣,៤៩៨នាក់

 

(ញូដេលី)៖ ប្រទេសឥណ្ឌា នៅថ្ងៃសុក្រ ទី៣០ ខែមេសានេះ បានប្រកាសពីរកឃើញអ្នកឆ្លងជំងឺ COVID-19 លើស៣សែននាក់ក្នុងមួយថ្ងៃបន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លងសរុប កើនឡើងដល់ ១៨.៧៥លាននាក់ ហើយនេះជាថ្ងៃទី៩ដែលឥណ្ឌាមានឆ្លងខ្ទង់៣សែននាក់។

 

នៅក្នុងរយ:ពេល ២៤ម៉ោងកន្លងទៅនេះ អ្នកឆ្លងជំងឺ COVID-19 ទូទាំងប្រទេសសរុប ៣៨៦,៤៥២នាក់ទៀត ត្រូវបានរាយការណ៍ ខណ:អ្នកជំងឺរហូតដល់ ៣,៤៩៨នាក់បានស្លាប់។ បូកបញ្ចូលតួលេខថ្មីនេះធ្វើឱ្យចំនួនអ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិតសរុបនៅឥណ្ឌាកើនឡើងដល់ជាង ២០៨,៣០០នាក់, ១៥.៣៧លាននាក់ជាសះស្បើយឡើងវិញ និង ៣.១៧លាននាក់ទៀតកំពុងព្យាបាល ឬរង់ចាំការព្យាបាល។

អង្គការអន្តរជាតិ និងអ្នកជំនាញក្នុងស្រុកជាច្រើនឲ្យរដ្ឋាភិបាលឥណ្ឌាបិទប្រទេសទាំងមូលជាបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់រលកថ្មីនៃការឆ្លងរាតត្បាត COVID-19 តែរដ្ឋាភិបាលទីក្រុងញូដេលី ហាក់មិនអាចធ្វើតាមបាននោះឡើយ។ យ៉ាងណាក៏ដោយ មានតែរដ្ឋធានីញូដេលីមួយប៉ុណ្ណោះ ដែលត្រូវបានបិទទ្វារ ហើយវានឹងត្រូវអូសបន្លាយរហូតដល់ថ្ងៃទី០៣ ខែឧសភា៕

AFP៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១

 

មតិយោបល់