ព័ត៌មានជាតិ

ឥណ្ឌូណេស៉ីអនុម័តឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនចិន Sinopharm

 

(ហ្សាការតា)៖ អាជ្ញាធរផ្នែកចំណីអាហារ និងឱសថរបស់ប្រទេសឥណ្ឌូណេស៉ី នៅថ្ងៃសុក្រ ទី៣០ ខែមេសានេះបានប្រកាសអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់ នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថចិន Sinopharm។

ប្រធានផ្នែកចំណីអាហារ និងឱសថរបស់ប្រទេសឥណ្ឌូណេស៉ី លោកស្រី Penny Lukito បានធ្វើសេចក្តីប្រកាសដូចខាងលើ និងបាននិយាយថា ការអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់នេះ គឺផ្អែកលើដំណាក់កាលទី៣ នៃការធ្វើតេស្តសាកល្បងនៅប្រទេសអារ៉ាប់រួម និងប្រទេសដទៃទៀត។

ឥណ្ឌូណេស៉ី បានអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ០៣ប្រភេទរួចមកហើយ គឺវ៉ាក់សាំងដែលមានឈ្មោះសម្គាល់ថា CoronaVac ដែលអភិវឌ្ឍដោយក្រុមហ៊ុនផលិតឱសថចិន Sinovac ព្រមទាំងវ៉ាក់សាំងដែលអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុនផលិតឱសថឥណ្ឌូណេស៉ី PT Bio Farma និងក្រុមហ៊ុនផលិតឱសថចិន Sinovac និងវ៉ាក់សាំងដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca៕

Xinhua៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១

 

មតិយោបល់