ព័ត៌មានជាតិ

UNDP ៖ ពាក់កណ្តាល​នៃ​ប្រជាជន ភូមា​នឹង​ធ្លាក់ខ្លួន រស់នៅ​ក្រោមខ្សែ​បន្ទាត់ភាពក្រីក្រ នៅ​ដើម​ឆ្នាំ ក្រោយ

វិបត្តិកូវីដ​១៩ បូកផ្សំ​នឹង​វិបត្តិនយោបាយ ដែលកើតចេញ​មកពី​រដ្ឋប្រហារ​យោធា នៅ​ដើម ខែ កុម្ភៈ ឆ្នាំនេះ នឹង​រុញច្រាន​ប្រជាជន​ភូមា ប្រមាណ ២៥លាននាក់ ឲ្យ​ធ្លាក់ខ្លួន រស់នៅ​ក្រោម​ខ្សែបន្ទាត់ក្រីក្រជាតិ ពីពេលនេះ ទៅ​ដើម​ឆ្នាំ​ក្រោយ។

តាម​សេចក្តីថ្លែងការណ៍​របស់​កម្មវិធី​ដើម្បី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ ដោយមាន​ប្រជាជន​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​សរុប អាច​ធ្លាក់ខ្លួន ក្រីក្រ នៅ​ដើម​ឆ្នាំក្រោយ ភូមា​បាន​ដើរថយក្រោយ អស់​១៦ឆ្នាំ។

គួរកត់សំគាល់ថា នៅ​ចន្លោះ​ឆ្នាំ ២០០៥ និង​ឆ្នាំ ២០១៧ ភាពក្រីក្រ​នៅភូមា​បាន​ធ្លាក់ថយចុះ ពី ៤៨% មក​នៅ​តិចជាង ២៥% ដោយមកពី នយោបាយ​កែទម្រង់សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ស៊ីវិល ដឹកនាំ​ដោយ​លោកស្រី​អ៊ុងសាន ស៊ូជី។ ប៉ុន្តែ សេដ្ឋកិច្ច​ភូមា​ដែល​កំពុងដើរអូសជើង ដោយសារ​វិបត្តិកូវីដហើយនោះ ត្រូវ ធ្លាក់ចុះ​ដុនដាប​មួយកម្រិតធំទៀត ដោយសារ​រដ្ឋប្រហារ​យោធា នៅ​ដើមខែ​កុម្ភៈ ឆ្នាំ នេះ។

ដោយធ្វើ​បាតុកម្មប្រឆាំង រដ្ឋប្រហារ​យោធា​ភូមា ប្រជាជន​ភូមា ដែលក្នុងនោះ មានតាំង​ពី​មន្រ្តីរដ្ឋការ បុគ្គលិក ក្រុមហ៊ុន ឯកជន និង​នយោជិក កម្មករ​ជាច្រើនសែន​នាក់​បានធ្វើ​កូដកម្ម​មិន​ត្រលប់​ចូលធ្វើការ ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ភូមា ត្រូវជាប់គាំងស្ទះ មិន​ដំណើរការ។

ដោយសារ​គ្មាន​មនុស្ស​ធ្វើការ មន្ទីរពេទ្យ សាលារៀន មួយចំនួន ជាពិសេស ធនាគារ ត្រូវ​បិទទ្វារ ផ្អាក​មិនដំណើរការ ដែលជាហេតុធ្វើ​ឲ្យ​គេ​ខ្វះខាត​សាច់ប្រាក់​ចរាចរ នៅទីផ្សារ។ នៅតំបន់​ខ្លះ​របស់​ភូមា ការដឹកនជញ្ជូន​ទំនិញ​ត្រូវ​អាក់ខាន ដោយសារ​តែ​បាតុកម្ម និងការបង្រ្កាប​ដ៏ហិង្សា​របស់​ពួកកងទ័ព។ ការណ៍នេះ​ធ្វើ​ឲ្យ​ទំនិញចាំបាច់ ដូចជា​ស្បៀងអាហារ ថ្នាំពេទ្យ ឡើងថ្លៃ​កប់ពពក។

ប្រធាន​កម្មវិធី​ដើម្បីអភិវឌ្ឍ​របស់អង្គការ​សហប្រជាជាតិ លោក Achim Steiner បាន​វាយតម្លៃ ថា គ្មាន​ស្ថាប័ន​ប្រជាធិបតេយ្យ​ដំណើរការ​ត្រឹមត្រូវ ភូមា​កំពុង​ប្រឈម​នឹង​ការដើរ​ថយក្រោយ ទៅ​រកភាពក្រីក្រ ក្នុង​កម្រិតមួយ ដែល​ភូមា មិនបានជួបប្រទះ អស់​មួយជំនាន់មួយ​មកហើយ។

 

 

មតិយោបល់