ព័ត៌មានជាតិ

​ឥណ្ឌាកំពុង​មានវិបត្តិ​ខ្វះ​ថ្នាំ​និង​អុកស៊ីហ៊្សែនយ៉ាងធ្ងន់ធ្ងរ ខណៈទ្វីប​អាហ្រ្វិក​វិញ​កំពុង​តាមដាន​វិបត្តិ​ ​នៅ​ឥណ្ឌាដោយព្រួយបារម្ភ​

ប្រទេស​ឥណ្ឌា​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​លំដាប់​លេខ​ ២ ​នៅ​លើ​ពិភពលោក​នេះ ​កំពុង​មានវិបត្តិ​យ៉ាង​ខ្លាំង ​រហូត​ហួស​សមត្ថភាព​របស់មន្ទីរពេទ្យ ​និង​កន្លែង​បញ្ចុះ​សព ​ដែលខ្វះ​ថ្នាំ​និង​អុកស៊ីហ៊្សែន និង​មានការ​រាំងស្កាត់​យ៉ាង​តឹងរ៉ឹង​លើ​ការ​ធ្វើ​ដំណើរ​ក្នុង​ទីក្រុង​ធំៗ។​

ទោះ​បី​ជា​ឥណ្ឌា​ជា​ប្រទេស​ផលិត​វ៉ាក់សាំង​ច្រើន​បំផុត​នៅ​លើ​ពិភពលោក​ក៏ដោយ ​ក៏ប្រទេស​នេះ​មិន​មាន​ស្តុក​ថ្នាំគ្រប់គ្រាន់ ​ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​នៅរលក​ទីពីរ​ដ៏​គ្រោះថ្នាក់​នោះ​ទេ។​

ប្រជាជន​ប្រហែល ​៩% ប៉ុណ្ណោះ​នៃ​ប្រជាជន​ ១.៤០០ លាន​នាក់ ​របស់​ឥណ្ឌា​បាន​ចាក់​វ៉ាក់សាំង​ចាប់​តាំងពី​ខែ​មករា។

ដោយ​ឡែក​ទី​ភ្នាក់ងារ​ព័ត៌មាន ​AP បាន​រាយការណ៍​ថា ទ្វីប​អាហ្រ្វិក​វិញ​កំពុង​តាមដាន​វិបត្តិ​កូវីដ១៩ ​របស់​ឥណ្ឌាដោយ​ការបារម្ភ​ភ័យ។

មន្ត្រី​សុខាភិបាល​សាធារណៈ​កំពូល​របស់​ទ្វីប​អាហ្វ្រិក​ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទ្វីប​នេះ​កំពុង​តាម​ដាន​ដោយបារម្ភ​ និង​ស្ទើរ​មិនជឿចំពោះការ​ផ្ទុះ​រាតត្បាតជា​ថ្មី​ដ៏​មហន្តរាយ​នៃជំងឺ​កូវីដ១៩​ ដែលឥណ្ឌា​កំពុងត្រូវ​រងគ្រោះ។ មន្ត្រី​អាហ្វ្រិកបារម្ភ​អំពី​ការ​ពន្យារ​ការ​ទទួល​បាន​វ៉ាក់សាំង​ ដោយសារ​វិបត្តិ​នៅ​ប្រទេស​ឥណ្ឌា​នេះ។​

​នាយក​មជ្ឈមណ្ឌល​ប្រយុទ្ធ​ជំងឺ​ឆ្លង​នៅ​អាហ្វ្រិក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​ទ្វីប​អាហ្វ្រិក​ដែល​មាន​ចំនួន​ប្រជាជនប្រហាក់ប្រហែលនឹង​ប្រទេស​ឥណ្ឌា ​និង​ប្រព័ន្ធ​សុខភាព​ដែល​ផុយ​ស្រួយដូច​គ្នា​ ត្រូវ​តែ​ត្រៀមខ្លួន​ជាស្រេច​ ព្រោះ​ស្ថានភាព​ស្រដៀង​គ្នា​នេះ​អាច​កើត​ឡើង​នៅ​ទីនេះ។

ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​របស់​ទ្វីបអាហ្រ្វិក​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រទេស​ឥណ្ឌា​ ទី​ដែល​វិទ្យាស្ថាន​ Serum​ ជា​ប្រភព​នៃ​វ៉ាក់សាំង ​AstraZeneca ​ចែកចាយ​ដោយ​គម្រោង COVAX ​សកល​ដើម្បី​ផ្តល់​ថ្នាំ​ដល់ប្រទេស​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម។

មជ្ឈមណ្ឌល​ប្រយុទ្ធ​ជំងឺឆ្លង​អាហ្វ្រិក​ បាន​ឱ្យ​ដឹង​ថា​ មាន​វ៉ាក់សាំង​ចំនួន​ ១៧ លាន​ដូស​ប៉ុណ្ណោះ ត្រូវ​បាន​ចាក់នៅ​ទូទាំង​ទ្វីបអាហ្វ្រិក​ សម្រាប់ប្រជាជន​ប្រមាណ ​១.៣០០​ លាន​នាក់៕

 

 

មតិយោបល់