ព័ត៌មានជាតិ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកមណ្ឌលចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ដូសទី២ ចំនួន ៤ទីតាំងទៀត សម្រាប់ថ្ងៃទី៣ ខែឧសភានេះ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកមណ្ឌលចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ដូសទី២ ចំនួន ៤ទីតាំងទៀត សម្រាប់ថ្ងៃទី៣ ខែឧសភានេះ
(ភ្នំពេញ)៖ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនកម្មករនិយោជិត នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានរៀបចំបើកដំណើរការទីតាំងចាក់វ៉ាក់សាំងកាពារជំងឺកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី២ ជូនដល់បងប្អូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈនានា ចំនួន ៤ ទីតាំងថ្មីបន្ថែមទៀត រួមមាន៖ រោងចក្រអប្សរា ហ្កាមែន, រោងចក្រ រីលែអឺប៊ល ស៊ស(Reliable Source), រោងចក្រ វ៉ាស់ អឺភែរឹល(Vast Apparel) និងរោងចក្រ អេវើ ស៊ូប្រា(Ever Subra)។ គិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកម្មករនិយោជិត នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបើកមណ្ឌលចាក់វ៉ាក់សាំងសរុបចំនួន ២៤ ទីតាំងរួចមកហើយ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល។
អនុគណៈកម្មចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមជម្រាបដល់បងប្អូនកម្មករនិយោជិត ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី១ ដោយក្រុមគ្រូពេទ្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងអស់ថា ចំពោះបងប្អូនកម្មករនិយោជិតដែលរស់នៅក្បែររោងចក្រ ដែលជាទីតាំងចាក់វ៉ាក់សាំងដូសទី១ នោះ សូមបងប្អូនទៅចាក់វ៉ាក់សាំងដូសទី២ នៅតាមទីតាំងចាស់របស់ខ្លួន។ ដោយភ្ជាប់ជាមួយនូវកាតចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបណ្ណ ប.ស.ស. ឬ ឯកសារបញ្ជាក់អត្តសញ្ញាណ ដែលបានប្រើប្រាស់ពេលមកចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១។
ដោយការចាក់ដូសទី២ មានគម្លាតពីការចាក់ ដូសទី១ រយៈពេលចន្លោះពី ១៤ ទៅ ២៨ ថ្ងៃដូច្នេះសូមបងប្អូនកម្មករនិយោជិត ចងចាំថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវតែចាក់ឲ្យបានត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្ត្រអោយបាន ២ លើក រួមផ្សំនឹងការអនុវត្ត ៣ កុំ និង ៣ ការពារ ទើបអាចធានានូវប្រសិទ្ធភាពពេញលេញក្នុងការបង្ការការឆ្លងជំងឺកូវីដ-១៩ បាន។
ចំណែកបងប្អូនកម្មករនិយោជិត ដែលរស់នៅខណ្ឌផ្សេងពីទីតាំងរោងចក្រ ដែលបានចាក់ដូសទី១ ដោយក្រុមគ្រូពេទ្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនោះ សូមបងប្អូនទៅចាក់ដូសទី២ នៅតាមទីតាំង និងកាលបរិច្ឆេទ ដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងខណ្ឌដែលខ្លួនកំពុងរស់នៅ ដោយមិនអាចឆ្លងខណ្ឌបាននោះទេ ។

មតិយោបល់