(រ៉ងហ្គូន)៖ កងទ័ពឯករាជ្យនៃក្រុមជនជាតិភាគតិចកាឈីន (KIA) នៅថ្ងៃចន្ទ ទី០៣ ខែឧសភានេះបានអះអាងថា ខ្លួនបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង នៅក្នុងការបាញ់តបតទៅនឹងការវាយប្រហារតាមផ្លូវអាកាសពីសំណាក់យោធាមីយ៉ាន់ម៉ា។
កងទ័ពឯករាជ្យ Kachin បានថ្លែងបា្រប់ទីភ្នាក់ងារព័ត៌មាន Reuters តាមទូរស័ព្ទថា ឧទ្ធម្ភាគចក្រយោធាខាងលើត្រូវបានបាញ់ទម្លាក់នៅម៉ោង ១០៖២០នាទីព្រឹកមិញនេះ នៅឯភូមិមួយក្បែរទីក្រុង ម៉ូម៉ក (Moemauk) ក្នុងរដ្ឋ Kachin ភាគខាងជើងប្រទេស។
កងទ័ពឯករាជ្យ Kachin មិនបានបញ្ជាក់ថា តើពួកគេបានប្រើប្រាស់អាវុធប្រភេទអ្វី ដើម្បីបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររបស់យោធាមីយ៉ាន់ម៉ាឡើយ ហើយក៏មិនបាន បញ្ជាក់ពីអ្នករបួស ឬស្លាប់នៅក្នុងការវាយប្រយុទ្ធគ្នានេះនោះដែរ។ ចំណែកឯខាងយោធាមីយ៉ាន់ម៉ាវិញ ក៏មិនទាន់បញ្ជាក់ព័ត៌មានអ្វី ពាក់ព័ន្ធនឹងការអះអាងរបស់កងទ័ព Kachin នៅឡើយដែរ៕
Reuters៖ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១
មតិយោបល់