ព័ត៌មានជាតិ

Moderna​ និង​ប្រទេស​ស៊ុយអែត​​​​ ត្រៀមនឹងផ្តល់ជំនួយ​វ៉ាក់សាំង​ ទៅដល់​Covax

ត្រូវ​ចាំ​យូរ​បន្តិច តែ​​ប្រសើរ​ជាង​អត់សោះ ! ថ្នាំ​បង្ការ​ប្រឆាំង​កូវីដ​១៩ ផលិត​តាម​បច្ចេកវិទ្យា​ទំនើប ARN របស់​​​ក្រុមហ៊ុន​ឱសថ​អាមេរិក​​ Moderna នឹង​ត្រូវ​ប្រគល់​ទៅ​ដល់​ដៃ​​​យន្តការ​កូវ៉ាក់ នៅ​ត្រីមាស​ទី​បួន នៃ​ឆ្នាំ​២០២១ ចំនួន ៣៤​លាន​ដូស និង​ ​៤៦៦​លាន​ដូស​ទៀត នៅ​ឆ្នាំ​២០២២។ ហើយ​ម្យ៉ាង​ទៀត នៅ​ក្នុង​កិច្ចព្រមព្រៀង ថ្នាំ​វ៉ាក់សាំងជា​អំណោយ​​របស់​Modernaនេះ អាច​ជា​ថ្នាំ​មាន​សមត្ថភាព​ប្រយុទ្ធ​ប្រឆាំង​ឈ្នះ​នឹងអនាគត​​មេរោគកូវីដបំប្លែង​ខ្លួន​ថ្មី​ទៀតផង។

​​ជាមួយ​កិច្ចព្រមព្រៀង​ជាមួយ​Moderna យន្តការកូវ៉ាក់ ​កំពុង​​បោះជំហាន​ទៅ​សម្រេច​កម្មវត្ថុ​ ​មាន​ថ្នាំ​បង្ការក្នុង​ចំនួន​​ច្រើន​ និង​ច្រើន​មុខ​ ដើម្បី​អាច​ប្រឈម​នឹង​ជំងឺរាតត្បាត​ដែល​វិវឌ្ឍ​ និង​ ​មាន​​មេរោគ​បំប្លែង​ខ្លួនឥតឈប់​។ « ពិភពលោក​ទាំង​មូល​នឹ​ងអាច​មាន​ថ្នាំ​បង្ការ​ប្រឆាំង​​កូវីដ​១៩ » នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Stéphane Bancel ប្រធាន​មន្ទីរ​ពិសោធន៍​Moderna​ ដែល​សន្យា​ថា​នឹង​បង្កើន​ផលិតកម្ម​វ៉ាក់សាំង​ ឱ្យ​ដល់​ចំនួន​៣​ពាន់​លាន​ដូស​នៅ​ឆ្នាំ​២០២២ ពោល​គឺ​ពីរ​ដង​ច្រើន​ជាង​ការ​គ្រោង​ទុក។

រហូត​មក​ទល់​នឹង​ពេល​នេះ យន្តការ​កូវ៉ាក់​​ ​មាន​ថ្នាំ​បង្ការប្រឆាំង​កូវីដ​១៩ ​របស់​​AstraZeneca ចំនួន​ជាង​៤៩​លាន​ដូស​ ចែក​ចាយ​ឱ្យ​ប្រទេស​ចំនួន ១២១​ និង​ត្រូវ​ការជា​បន្ទាន់​ នូវ​វ៉ាក់សាំង​​២០​លាន​ដូស​សម្រាប់​ត្រីមាស​ទីពីរ​នេះ ព្រោះ​ឥណ្ឌា​ដែល​កំពុង​ប្រឈម​ខ្លាំង​នឹង​ការ​រាតត្បាត​កូវីដ​១៩ បាន​សម្រេច​ផ្អាក​និង​បិទ​ខ្ទប់​ការ​នាំ​ចេញ​​ថ្នាំ​បង្ការ​AstraZeneca​មួយ​រយៈ​សិន។ ស្រប​តាមការ​អំពាវនាវ​របស់​អង្គការ​សុខភាព​ពិភពលោក ​ដែល​សុំ​ឱ្យ​ប្រទេស​មាន​វ៉ាក់សាំង​គ្រប់​គ្រាន់​ហើយ​ ជួយរំលែក​​ថ្នាំ​ដល់​ប្រទេស​ក្រីក្រ ស៊ុយអែត ដែល​ផ្អាក​លែង​ប្រើ​ថ្នាំ​បង្ការ​របស់​AstraZeneca តាំ​ងពី​ថ្ងៃទី ១៦​មីនា​មក​ និង​ចាក់​ឱ្យ​មនុស្ស​ចាស់​ចាប់​ពីអាយុ​៦៥​ឆ្នាំ​ឡើង​ទៅ​នោះ បាន​ប្រកាស នៅ​ថ្ងៃ​ចន្ទ​ទី ៣​ឧសភា តាម​គំរូ​ ​បារាំង និង​នូវែល​ហ្សេឡង់​ ផ្តល់​វ៉ាក់សាំង​ដែល​ខ្លួនមាន​ ​ទៅ​ឱ្យ​យន្តការ​កូវ៉ាក់​ក្នុង​ចំនួន​មួយ​លាន​ដូស។ ជំនួយ​ថ្មី​នេះ​នឹង​ជួយប្រជាពលក្នុង​ប្រទេស​ក្រីក្រ បាន​ចាក់​ដូស​ទីពីរ។

ចំណែក​​សហរដ្ឋ​​អាមេរិក​បាន​ព្រលយ​ថា​នឹង​បញ្ចេញ​ថ្នាំ បង្ការ​AstraZeneca ដែល​ខ្លួន​មិន​ប្រើ​​ចំនួន​៦០​លាន​ដូស​​ដែរ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ទេ​ថា​តើ​ការ​ចែក​ចាយ​នេះ​នឹង​ធ្វើ​តាម​រយៈ​យន្តការ​Covax​ឬ​អត់​នោះ៕

 

 

មតិយោបល់