ព័ត៌មានជាតិ

សហរដ្ឋអាមេរិកអាចនឹងអនុម័តឲ្យប្រើវ៉ាក់សាំង Pfizer សម្រាប់ក្មេងអាយុពី ១២-១៥ឆ្នាំ នៅសប្តាហ៍ក្រោយ

 

(វ៉ាស៊ីនតោន)៖ រដ្ឋបាលឱសថ និងចំណីអាហារ (FDA) របស់សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថាអាចនឹងអនុម័តឲ្យប្រើវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer សម្រាប់ក្មេងមានអាយុចាប់ពី ១២-១៥ឆ្នាំ នៅសប្តាហ៍ក្រោយនេះ។

ព័ត៌មានអំពីការត្រៀមអនុម័តរបស់ FDA ខាងលើនេះត្រូវបានបង្ហើបចេញដោយ មន្ត្រីរដ្ឋាភិបាលអាមេរិកមួយរូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ត្រីរូបនេះមិន បានលម្អិតអ្វីបន្ថែមឡើយដោយគ្រាន់តែឱ្យដឹងថា ការអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Pfizer ទៅលើក្មេងជំទង់អាយុ ១២-១៥ឆ្នាំ អាចនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ។

កាលពីចុងខែមីនា កន្លងទៅនេះ ក្រុមហ៊ុន Pfizer បានបញ្ចេញរបាយការណ៍ធ្វើតេស្តរបស់ខ្លួន ក្រោយការចាក់វ៉ាក់សាំងសាកល្បង ទៅលើក្មេងអាយុពី ១២-១៥ឆ្នាំចំនួន ២,២៦០នាក់ ដោយក្នុងម្នាក់ៗទទួលបានពីរដូស ដោយលទ្ធផលបង្ហាញពួកគេទាំងអស់មានប្រព័ន្ធភាពសុំាប្រឆាំង COVID-19

ការអនុម័តគឺជាបោះជំហានដ៏លឿនមួយ ដើម្បីឲ្យបណ្តារដ្ឋនានាទូទាំងសហរដ្ឋអាមេរិក អាចបើកសាលារៀនឡើងវិញបាននៅឆ្នាំ២០២២។ វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង BioNTech ដែលបានសហការគ្នាក្នុងការអភិវឌ្ឍ បាននិងកំពុងប្រើប្រាស់តែទៅលើ មនុស្សមានវ័យចាប់ពី ១៦ឆ្នាំឡើងទៅប៉ុណ្ណោះ៕

AFP៖ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១

 

 

មតិយោបល់