ព័ត៌មានជាតិ

លោក គីម ជុងអ៊ុន ប្រាប់ឱ្យយោធាកូរ៉េខាងជើងពង្រឹងសមត្ថភាព ខណៈការងារត្រៀមធ្វើតេស្ដនុយក្លេអ៊ែរកំពុងដំណើរការ

(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃសុក្រនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវ ឱ្យយោធានៃប្រទេសរបស់លោកពង្រឹងសមត្ថភាព តាមគ្រប់មធ្យោបាយ ដើម្បីអាចកម្ទេចសត្រូវ ខណៈរូបភាពផ្កាយរណបថ្មីបង្ហាញពីការបង្កើន ការត្រៀមរៀបចំការសាកល្បងអាវុធនុយក្លេអ៊ែរ។

ការអំពាវនាវខាងលើរបស់លោក គីម ជុងអ៊ុន ធ្វើឡើងកំលុងពិធីថតរូបជាមួយកងទ័ព នាឱកាសនៃការធ្វើព្យុហយាយោធាដ៏ធំមួយ ដើម្បីប្រារព្ធខួប លើកទី៩០ នៃការបង្កើតកងទ័ពកូរ៉េខាងជើងកាលពីថ្ងៃចន្ទដើមសប្តាហ៍ទៅនេះ។ រូបភាពដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ក៏បាន បង្ហាញដែរពីលោក គីម ជិះសេះស និងពាក់អាវពណ៌ស ក្នុងពេលចុះពិនិត្យកងទ័ព។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បញ្ជាក់ថារូបភាពនេះបានបង្ហាញពី «ភាពទំនើប, វីរភាព និងការអភិវឌ្ឍន៍សមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធ នៃសាធារណរដ្ឋកូរ៉េ ជាមួយនឹងឧត្តមភាពផ្នែកយោធា និងបច្ចេកវិទ្យារបស់ពួកគេ» ។

នៅក្នុងក្បួនដង្ហែរយោធា កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ កូរ៉េខាងជើងបានបញ្ចេញមីស៊ីលប្រភេទចុងក្រោយបង្អស់របស់ខ្លួន រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) គឺមីស៊ីល Hwasong-17 និង មីស៊ីលល្បឿនលឿនជាងសំឡេង ដែលត្រូវបានសាកល្បងនាពេលថ្មីៗនេះ៕

ប្រភព៖​​​​​​ Reuters

 

មតិយោបល់