កោះកុងៈ ម៉ូតូ និងផលិតផលគ្រឿងទេស ត្រូវបានក្រុមឈ្មួញលួចដឹកតាមទូក ដោយចូលតាមច្រកប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដោយពុំមានសមត្ថកិច្ចណា មើលឃើញឡើយ ពោលគឺសមត្ថកិច្ចទាំងនោះ ពិសេសមន្រ្តីគយតែម្តង បិទភ្នែកចាំទទួលយកផលប្រយោជន៍ ដែលធ្វើឲ្យរដ្ឋត្រូវខាតបង់ ចំណូលជាតិរាប់ម៉ឺនដុល្លារក្នុងមួយខែៗ។
ប្រជាពលរដ្ឋនៅភូមិប៉ាក់ខ្លង នៃស្រុកមណ្ឌលសីមា បាននិយាយថា ជារៀងរាល់ថ្ងៃគេតែង ឃើញម៉ូតូលោតឆត្រ័ជាច្រើនគ្រឿងត្រូវបានគេដឹកតាមទូក ព្រមទាំងទំនិញចាប់ហួយគ្រឿងទេសគ្រប់ប្រភេទ ចូលមកទីរួមខេត្តកោះកុង បន្តចែកចាយទៅតាមខេត្តជាប់គ្នា និងរាជធានីភ្នំពេញយ៉ាងគគ្រឹកគគ្រេង ដោយគេមិនដែលឃើញមន្ត្រីគយ ចុះមកត្រួតពិនិត្យ និងបង្ក្រាបឡើយ តែបើមានការចូលទៅបង់ពន្ធវិញ គឺគេឃុបឃិតគ្នាបង់ប្រមាណតែ២០ ឬ ៣០ភាគរយតែប៉ុណ្ណោះ។
បើតាមអ្នករកស៊ីនៅក្នុងខេត្តកោះកុង បាននិយាយថា ទំនិញទាំងនោះអាចលោតឆ័ត្រចូលមកបាន គឺដោយសារតែមានការឃុបឃិតត្រូវរ៉ូវគ្នារវាងឈ្មួញទាំងនោះ ជាមួយ លោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង ទើបបានជាទំនិញអាចចូលមកបានយ៉ាងរលូន បើមិនត្រូវរ៉ូវគ្នាទេ គឺគេច្បាស់ជាចាប់គ្មានសល់ឡើយ។
ចំពោះករណីនេះ យើងមិនអាចសុំការបំភ្លឺពីលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង បាននៅឡើយនោះទេ ៕



មតិយោបល់