ព័ត៌មានជាតិ

រត់រ៉ឺម៉កសុខៗ បែកគំនិតចង់មានឆាប់ធ្វើសកម្មភាពជួញដូរគ្រឿងញៀនទីបំផុតជាប់ខ្នោះ

កំពង់ស្ពឺ: បុរសម្នាក់ ជាអ្នករកស៊ីរត់រ៉ឺម៉កម៉ូតូសុខៗ បែកគំនិត ចង់មានលុយដូចគេដូចឯង ក៏ប្រថុយធ្វើសកម្មភាពទិញគ្រឿងញៀនបន្តពីគេ ដើម្បីយកមកចែកចាយបន្ត ត្រូវបានអាវុធហត្ថស្រុកឪរ៉ាល់​ចាប់​ខ្លួនបាន ។ករណីបង្ក្រាបគ្រឿងញៀននេះ បានធ្វើឡើងនៅម៉ោង ៦និង៤០នាទី ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចស្ពានអូរព្រះគោ ផ្លូវលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៦-៤៧ ស្ថិតនៅក្នុងភូមិ ទួលឈើនាង ឃុំសង្កែសាទប ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ។

អាវុធហត្ថស្រុកឪរ៉ាល់បានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះគឺជា មុខសញ្ញារក្សាទុក ជួញដូរ និងចែកចាយគ្រឿងញៀនខុសច្បាប់ មានឈ្មោះ ផន ភាព ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ បើករ៉ឺម៉កម៉ូតូដឹក​ធ្យូង មានទីលំនៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន កំពង់ស្ពឺ។

ក្នុងនោះដែរ វត្ថុតាងដែលដកហូតរួមមាន ម្សៅក្រាមពណ៌ស១កញ្ចប់ធំ ស្មើនឹង៨ កញ្ចប់តូច ,ម៉ូតូម៉ាក់ SYM P១៥០ ពណ៌សចំនួន១គ្រឿង, កន្ទុយរ៉ឺម៉កម៉ូតូចំនួន១ ,ទូរស័ព្ទដៃម៉ាកណូគា មួយគ្រឿង ,ដែកកេះហ្គាស១, ឡាម ១, ប្រាក់រៀល ១៣,០០០រៀល ,មួកក្រណាត់ពណ៌ ក្រហម ១, មួកសុវត្ថិភាព ពណ៌ខ្មៅ ចំនួន០១, និងសោរ កុងតាក់ ម៉ូតូមួយ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាន ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកឪរ៉ាល់ ដើម្បីចាត់ការតាមនី​តិវិធី​នៃច្បាប់៕

គ្រឿងញៀន

IMG-20160902-WA0022

គ្រឿងញៀន

មតិយោបល់