ភ្នំពេញៈ នៅក្នុងជំនួបសំដែងការគួរសមនិងពិភាក្សាការងារ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី២ខែកញ្ញានេះ លោក ស្តេហ្វេន ឌីអន ( Stephane Dion) រដ្ឋមន្ត្រីការបរទេសកាណាដា បានបញ្ជាក់ថា ប្រទេសកាណាដា បានត្រៀមថវិកាចំនួនពីរពាន់ ប្រាំមួយលានដុល្លារអាមេរិក (២០០៦លាន) ដើម្បីជួយដល់ប្រទេសក្រីក្រ ដែលរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ។
ទន្ទឹមនេះ រដ្ឋាភិបាលកាណាដា ក៏កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ជាមួយប្រទេសកម្ពុជា ទៅលើការផ្លាស់ប្តូរអាកាសធាតុនេះដែរ។ នេះបើតាមការឲ្យដឹងពី លោក អ៊ាង សុផ្លែត ជំនួយការផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៅក្រោយ ជំនួបពិភាក្សាការងារនេះ។
លោក អ៊ាង សុផល្លែត បានឲ្យដឹងដែរថា រដ្ឋាភិបាលកាណាដា ក៏កំពុងយកចិត្តទុកដាក់ និងជំរុញការវិនិយោគ លើវិស័យធានារ៉ាប់រង វិស័យព័ត៌មានវិទ្យា វិស័យគ្រប់គ្រងទឹក និងបញ្ហាបរិស្ថានផងដែរ ។ នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ រដ្ឋមន្ត្រីការបរទេសកាណាដា ជាពិសេសរដ្ឋាភិបាលនិងប្រជាជនកាណាដាតែម្តង ដែលកន្លងមកបានចូលរួមចំណែក ក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា។
សម្តេចតេជោ បានបញ្ជាក់ថា ឆ្នាំនេះកម្ពុជាបានរងការប៉ះពាល់ជាច្រើនដោយគ្រោះធម្មជាតិ រាំងស្ងួត ខ្យល់កន្ត្រាក់ និង រន្ទះបាញ់ជាដើម។ ដូចនេះ កម្ពុជា កំពុងស្វែងរកវិធី និងធ្វើការងារ ដើម្បីបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុនេះ។ ក្នុងន័យនេះ សម្តេចតេជោ បានស្នើឲ្យប្រទេសកាណាដា ជួយដល់កម្ពុជា លើវិស័យនេះ និងបានស្នើ សុំឲ្យបណ្តារប្រទេសអភិវឌ្ឍន៍ទាំងឡាយ មានការទទួលខុសត្រូវកាន់តែខ្ពស់ថែមទៀត ជាមួយនឹងការប្រែ ប្រួលអាកាសធាតុ ស្របពេលដែលប្រទេសទាំងនោះ កំពុងប្រើប្រាស់ធនធានធម្មជាតិ ដើម្បីជំរុញការអភិវឌ្ឍន៍ប្រទេស របស់ខ្លួន ។ដោយឡែក សម្តេចតេជោក៏បានស្នើប្រទេសកាណាដា ជួយដល់មជ្ឈមណ្ឌលមីនអាស៊ាន នៅ កម្ពុជាផងដែរ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅកម្ពុជា របស់លោក ស្តេហ្វេន រដ្ឋមន្ត្រីការបរទេសកាណាដា គឺក្នុងគោលបំណង ពង្រឹងភាពជាដៃគូ រវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត៕



មតិយោបល់