នេះជាលើកទី ១ ហើយដែលបណ្ដាប្រទេស G-7 ទាំងអស់ គាំទ្រការបញ្ចូលតៃវ៉ាន់ទៅក្នុងសន្និបាតសុខភាពពិភពលោកនេះ។
បណ្ដាប្រទេស G-7 បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ កាលពីថ្ងៃពុធម្សិលមិញ បន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៅក្នុងទីក្រុងដុងឡ៍ ចក្រភពអង់គ្លេសក្នុងសប្ដាហ៍នេះថា៖
«យើងគាំទ្រការចូលរួមដ៏មានអត្ថន័យរបស់តៃវ៉ាន់នៅក្នុងវេទិកានានារបស់អង្គការសុខភាពពិភពលោក និងសន្និបាតសុខភាពពិភពលោក។ សហគមន៍អន្តរជាតិគួរតែទទួលបានអត្ថប្រយោជន៍ពីបទពិសោធន៍ដែលកើតចេញពីរាល់ដៃគូទាំងអស់ រួមបញ្ចូលទាំងការចូលរួមដ៏ជោគជ័យរបស់តៃវ៉ាន់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩»។
សេចក្តីថ្លែងការណ៍នោះ កើតមានឡើង នៅពេលដែលចិនបង្កើនសកម្មភាពយោធា ដោយបានបញ្ជូនយន្តហោះចូលក្នុងដែនអាកាសរបស់កោះតៃវ៉ាន់។
លោក Bonnie Glaser នាយកកម្មវិធីសម្រាប់តំបន់អាស៊ីនៅឯមូលនិធិអាល្លឺម៉ង់ Marshall របស់សហរដ្ឋអាមេរិក បាននិយាយថា៖ «ការណ៍នេះមានសារៈសំខាន់បំផុតដែលប្រទេសប្រកាន់យកលទ្ធិប្រជាធិបតេយ្យ បាននិយាយក្នុងសំឡេងតែមួយ នៅក្នុងឱកាសដ៏សំខាន់ដូចជា G-7 ដើម្បីបញ្ជាក់ពីការគាំទ្រលើការចូលរួមរបស់កោះតៃវ៉ាន់នៅអង្គការសុខភាពពិភពលោកនេះ។
កាលពីថ្ងៃច័ន្ទ លោក Zhang Jun ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ បានរំឮកឡើងវិញពីការជំទាស់ប្រឆាំងរបស់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងការអញ្ជើញកោះតៃវ៉ាន់ ឲ្យចូលរួមសន្និបាតសុខភាពពិភពលោក (WHA) នៅចុងខែនេះ៕
មតិយោបល់