ព័ត៌មានជាតិ

អូស្ត្រាលី៖ បម្រាមលើអ្នកដំណើរមកពីឥណ្ឌានឹងអស់សុពលភាពនៅថ្ងៃទី១៥ ខែឧសភានេះ

 

(កង់បេរ៉ា)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison នៅថ្ងៃសុក្រនេះបានអះអាងថាបម្រាមធ្វើដំណើរមកពីប្រទេសឥណ្ឌានឹងត្រូវអស់សុពលភាព នៅថ្ងៃទី១៥ ខែឧសភានេះ ដែលនេះនឹងអនុញ្ញាតឱ្យពលរដ្ឋអូស្ត្រាលីកំពុងជាប់គាំងនៅឥណ្ឌារាប់ពាន់នាក់អាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។

រដ្ឋាភិបាលអូស្រ្តាលីកាលពីសប្ដាហ៍មុនបានប្រកាសដាក់ចេញបម្រាមយ៉ាងតឹងរ៉ឹងដោយហាមឃាត់អ្នកដំណើរទាំងអស់ រួមទាំងពលរដ្ឋអូស្ត្រាលី មកពីប្រទេសឥណ្ឌាចូលមកក្នុងប្រទេសខ្លួន ហើយអ្នកដែលល្មើសបម្រាមនេះអាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់ ឬត្រូវជាប់ពន្ធនាគារ
រហូតដល់ទៅ៥ឆ្នាំ។

លោក Scott Morrison បាននិយាយថាគណៈកម្មាធិការសន្តិសុខជាតិនៃគណៈរដ្ឋមន្ត្រីរបស់បានឯកភាពថាគ្មានហេតុផលត្រូវបន្តអនុវត្តបម្រាមនេះលើស ថ្ងៃទី១៥ ខែឧសភាទៀតនោះទេ។ លោក Scott Morrison បន្ថែមថាជនងាយរងគ្រោះនឹងត្រូវបានផ្ដល់អាទិភាពឱ្យឡើងជិះយន្ដហោះចេញពីឥណ្ឌា ត្រលប់មកកាន់អូស្ត្រាលីវិញ នៅមុនដំណាច់ខែឧសភានេះ។

ពលរដ្ឋអូស្ត្រាលីជាង ៩,០០០នាក់ត្រូវបានគេជឿជាក់ថាកំពុងស្ថិតនៅក្នុងប្រទេសឥណ្ឌា និងកំពុងទន្ទឹមរង់ចាំត្រលប់ទៅផ្ទះរបស់ពួកគេវិញ៕

Reuters៖ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១

មតិយោបល់