(បាងកក)៖ សមាគមមន្ទីរពេទ្យឯកជន នៅក្នុងប្រទេសថៃបានបញ្ជាក់ឱ្យដឹងថា មន្ទីរពេទ្យឯកជននានា នឹងចាប់ផ្ដើមដាក់លក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក Moderna ក្នុងតម្លៃក្រោម ៣,០០០បាត (៩៦.៣៣ដុល្លារ) សម្រាប់ការចាក់ទាំងពីរដូស។
ភ្លាមៗមិនទាន់មានការបញ្ជាក់ អំពីកាលបរិច្ឆេទនៅឡើយទេ តែក្រសួងសុខាភិបាលថៃបានបង្ហើបថា វ៉ាក់សាំងអាមេរិកមួយនេះ អាចនឹងមកដល់ប្រទេសថៃ នៅអំឡុង៦ខែចុងក្រោយនៃឆ្នាំ២០២១។ ការប្រកាសខាងលើរបស់សមាគមមន្ទីរពេទ្យឯកជនថៃ ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ក្រុមហ៊ុនឱសថរដ្ឋថៃ GPO (Government Pharmaceutical Organisation) នឹងបញ្ជាទិញវ៉ាក់សាំងក្រុមហ៊ុន Moderna សម្រាប់លក់ ដោយ GPO នឹងដើរតួនាទីជាអ្នកសម្របសម្រួល។
វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក Moderna ជាប្រភេទវ៉ាក់សាំងតម្រូវឱ្យចាក់ ០២ដូស ហើយក្នុងមួយដូសមានតម្លៃពីចន្លោះពី ៣៧ដុល្លារ-៣៨ដុល្លារអាមេរិក៕
Bangkok Post៖ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១
មតិយោបល់