ព័ត៌មានជាតិ

ហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​កូវីដ១៩ ដែល​ផលិត​រួម​គ្នា​ដោយ​ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន BioNTech លើ​កុមារ

និយ័តករ​សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​កូវីដ១៩ ដែល​ផលិត​រួម​គ្នា​ដោយ​ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន BioNTech លើ​កុមារ​ដែល​មាន​អាយុ​ចាប់ពី ១២ ទៅ ១៥ ឆ្នាំ បន្ថែម​ពី​លើ​ការ​អនុញ្ញាត​កន្លង​មក​ឲ្យ​ប្រើ​លើ​អ្នក​ដែល​មាន​អាយុ​ចាប់ពី ១៦ ឆ្នាំ​ឡើង។

ទីភ្នាក់ងារ​ម្ហូប​អាហារ​និង​ឱសថ (FDA) របស់​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ការ​ចាក់​វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​សម្រាប់​កុមារ​ដែល​មាន​អាយុ​ចាប់ពី ១២ ទៅ ១៥ ឆ្នាំ។

អ្នកស្រី Janet Woodcock ដែល​ជា​ប្រធាន​ស្ដីទី​ទីភ្នាក់ងារ FDA បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ការ​សម្រេច​នៅ​ថ្ងៃ​នេះ​អាច​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​វ័យ​ក្មេង​ទទួល​បាន​ការ​ការពារ​ពី​ជំងឺ​កូវីដ១៩ ដោយ​ធ្វើ​ឲ្យ​យើង​ខិត​កាន់តែ​ជិត​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ និង​អាច​បញ្ចប់​ជំងឺ​រាតត្បាត​កូវីដ១៩ នេះ​បាន»។

វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Pfizer នេះ គឺជា​វ៉ាក់សាំង​លើក​ដំបូង​បង្អស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ចាក់​លើ​កុមារ​អាយុ​ចាប់ពី ១២ ឆ្នាំ​ឡើង។

ការ​អនុញ្ញាត​នេះ​បាន​ធ្វើ​ឡើង នៅ​ចំ​ពេល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ស្វះស្វែង​ចាក់​វ៉ាក់សាំង​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ចំនួន​កាន់តែ​ច្រើន ហើយ​នឹង​ទំនងជា​ធ្វើ​ឲ្យ​សិស្ស​ថ្នាក់​អនុ​វិទ្យាល័យ​និង​ថ្នាក់​វិទ្យាល័យ​រាប់​លាន​នាក់​អាច​ចាក់​វ៉ាក់សាំង​នេះ​បាន មុន​ពេល​បវេសនកាល​ថ្មី​ចូល​មក​ដល់​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ខាង​មុខ៕

មតិយោបល់