កូវីដ១៩ ទម្រង់បំប្លែងខ្លួន B.1.617 ឬហៅជាទូទៅថា ទម្រង់បំប្លែងខ្លួនឥណ្ឌា ត្រូវបានអង្គការសុខភាពពិភពលោក ចាត់បញ្ចូលក្នុងកម្រិតគ្រោះថ្នាក់ « គួរឲ្យព្រួយបារម្ភបំផុត »។ លោកស្រី Maria Van Kerkhove អ្នកទទួលខុសត្រូវបច្ចេកទេស នៃអង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ឆ្លងកាត់ការវិភាគ តាមដានចុងក្រោយនេះ អ្នកជំនាញបានសង្កេតឃើញថា កូវីដ១៩ ទម្រង់បំប្លែងខ្លួន B.1.617 ពិតជាមានកម្លាំងឆ្លងរាលដាលខ្លាំង ហើយប្រហែលជាអាច ធ្វើឲ្យប្រព័ន្ធអង់ទីក័រ របស់មនុស្សចុះខ្សោយ ថែមទៀតផង។
យ៉ាងណាក៏ដោយ លោកស្រីបន្ថែមថា អ្នកជំនាញកំពុងតាមដាន ប្រមូលទិន្នន័យបន្តទៀត ដើម្បីឲ្យដឹងកាន់តែច្បាស់ ថាកម្លាំងឆ្លងរាលដាលនៃកូវីដ១៩ ទម្រង់បំប្លែងខ្លួនឥណ្ឌានេះ មានចំនួនបន្ទុកមេរោគប៉ុណ្ណា ព្រមទាំងអំពីកម្រិតគ្រោះថ្នាក់ ធ្វើឲ្យចុះខ្សោយប្រព័ន្ធអង់ទីក័រ។
លោកស្រីប្រធានបច្ចេកទេស នៃអង្គការសុខភាពពិភពលោកបាន បញ្ជាក់បន្ថែមថា សម្រាប់ពេលនេះ គឺពុំមានអ្វីមកបញ្ជាក់ថា កូវីដ១៩ទំរង់បំប្លែងខ្លួនឥណ្ឌានេះ មានកម្លាំងអាចយកឈ្នះ ថ្នាំព្យាបាល ឬក៏ថ្នាំវ៉ាក់សាំងនោះទេ។ លោកស្រីបានបន្ថែមថា ទម្រង់បំប្លែងខ្លួន មានកម្រិតគ្រោះថ្នាក់របៀបនេះ គឺនឹងមានថ្មីៗតទៅទៀត ដែលនេះវាជារឿងធម្មតាទេ។ អ្វីដែលចាំ បន្តធ្វើនាពេលនេះ គឺការអនុវត្តវិធានការអនាម័យ ពាក់ម៉ាស លាងដៃ និងការរក្សាគំលាតជាដើម ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាល។
ដោយឡែក អ្នកនាំពាក្យម្នាក់ទៀត នៃអង្គការសុខភាពពិភពលោក បានបញ្ជាក់ថា អ្វីដែលលោកស្រី Maria Van Kerkhove បានលើកឡើងថា កូវីដ១៩ទំរង់បំប្លែងខ្លួនឥណ្ឌា អាចធ្វើឲ្យប្រព័ន្ធអង់ទីក័រចុះខ្សោយនោះ គឺគ្រាន់តែជាលទ្ធផលអង្កេតតាមដាន នៅក្នុងបន្ទប់ពិសោធន៍ មិនមែនជាទិន្នន័យជាក់ស្តែង បានមកពីអ្នកជំងឺទេ។
កាលពីថ្ងៃចន្ទ មន្ទីរពិសោធន៍ BioNTech បានអះអាងថា វ៉ាក់សាំងរបស់ខ្លួនដែលត្រូវបានសហការផលិតជាមួយមន្ទីរពិសោធន៍ Pfizer គឺនៅតែអាចមានប្រសិទ្ធភាពខ្ពស់ ជាមួយកូវីដ១៩ទម្រង់បំប្លែងខ្លួនឥណ្ឌា ពោលគឺសម្រាប់ពេលនេះ គឺមិនចាំបាច់កែប្រែរូបមន្ត ឬស្រាវជ្រាវវ៉ាក់សាំងថ្មីទេ។
មតិយោបល់