ព័ត៌មានជាតិ

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បាននាំយកអំណោយមេបញ្ជាការកងទ័ពជើងគោក ឧបត្ថម្ភដល់និវត្តន៍ជនដែលមានការខ្វះខាតជីវភាព និងមានជំងឺប្រចាំកាយ

(បន្ទាយមានជ័យ)៖ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានបន្តចាត់តាំងលោកវរសេនីយ៍ឯក យ៉ែម ឡុម និងក្រុមការងារ នាំយកគ្រឿងឧបភោគ បរិភោគ សម្ភារនិងថវិកាចំនួន៥០០,០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ផ្តល់ជូននិវត្តន៍ជន ១គ្រួសារបច្ចុប្បន្នកំពុងមានជំងឺប្រចាំកាយ ស្ថិតនៅភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះដែរ លោកប្រធានក្រុមការងារបានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចជាកាលតែងតែគិតគូរពីសុខទុក្ខកងទ័ព ក៏ដូចជាអតីតយុទ្ធជន ជាប្រចាំ និងថ្នាក់ដឹកនាំ នាយ-ពលទាហានក្នុងអង្គភាពកងពលដែលតែងតែបារម្មណ៍ និងចងចាំនូវសមិទ្ធិផលស្នាដៃ ក្នុងរយ:ពេលដែលបំរើការនៅក្នុងអង្គភាពនាពេលកន្លងមក។
ឆ្លៀតក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក យ៉ែម ឡុម បានធ្វើការផ្តាំផ្ញើឲ្យបន្តយកចិត្តទុកដាក់ ចូលរួមទប់ស្កាត់ការរីករាលដាលជំងឹកូវីដ-១៩ចូលសហគមន៍ តាមការណែនាំរបស់រដ្ឋបាលខេត្ត ក្រសួងសុខាភិបាល
និងវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ជាប្រចាំ។ រូបលោកនិងក្រុមគ្រួសារ មានសេចក្តីរំភើបរកអ្វីប្រៀបពុំបាននិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ថ្នាក់ដឹកនាំកងពល ដែលបានគិតគូរចំពោះសុខទុក្ខ ជីវភាព និងការលំបាករបស់គាត់ និងក្រុមគ្រួសារគាត់៕

មតិយោបល់