អំណោយជាគ្រឿងឧបភោគ បរិភោគរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលផ្តល់ជូនតាមរយៈឯកឧត្តម គីម វីរៈ ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានអង្ករ ៣០០បាវ មី៣០០កេស ទឹកស៊ីអ៊ីវ៣០០យួរ ទឹកត្រី៣០០យួរ និងម៉ាស់១០កេសធំត្រូវបាន ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេសប្រគល់ជូនក្រុមគ្រួសារកងទ័ពក្នុងបញ្ជាការដ្ឋានទ័ពពិសេសចំនួន២៩៣គ្រួសារកាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ស្របពេលដែលការបិទខ្ទប់នៃជំងឺកូវីដ-១៩នៅបន្ត១សប្តាហ៍ទៀត។
ឧត្តមសេនីយ៍ឯក ចាបភក្តី បានមានប្រសាសន៍ថា ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ តាមរយៈមេបញ្ជាការកងទ័ពជើងគោក បានគិតគូរនិងព្រួយបារម្ភខ្លាំងបំផុតចំពោះ សុខទុក្ខ បងប្អូន គ្រួសារកងទ័ព ក៏ដូចជាប្រជាពលរដ្ឋទូទៅ ពិសេសក្នុងដំណាក់កាលកូវីដ-១៩នេះ ដោយសម្ដេចបានចេញនូវសេចក្តីសម្រេចជាច្រើនលើក ច្រើនសារក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងតំបន់មួយចំនួនទៀត ដើម្បីបង្កា និងទប់ស្កាត់នូវជំងឺដ៏កាចសាហាវនេះ។ ដូច្នេះសូមបងប្អូនគ្រួសារកងទ័ពក្នុងទីបញ្ជាការទ័ពពិសេសទាំងអស់មេត្តាចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន គឺ ៣កុំ និង៣ការពារ ដើម្បីចូលរួមទប់ស្កាត់ទាំងអស់គ្នា ពិសេស ក្នុងអំឡុងពេលនៃការបិទខ្ទប់ទីបញ្ជាការ មិនឲ្យចេញចូលនៅពេលនេះ។
ឧត្តមសេនីយ៍ឯក ចាប ភក្តី ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម និងឯកឧត្តម គីម វីរៈ ដែលបានផ្តល់អំណោយឧបត្ថម្ភហើយការផ្តល់អំណោយនេះទៀតសោតន៍គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយការលំបាករបស់បងប្អូនគ្រួសារកងទ័ពក្នុងគ្រាបិទខ្ទប់ទីបញ្ជាការក៏ដូចជាការបិទខ្ទប់តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញដែលរងការវាយលុក នៃមេរោគកូវីដ-១៩។
ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់គ្រួសារកងទ័ពទាំងអស់ដែលបានលះបង់ស្វាមី ប្តីជាទីស្រលាញ់ បានចូលរួមបម្រេីកិច្ចការសង្គមជាមួយនិងរាជរដ្ឋាភិបាល ក្នុងការចូលរួមលើកដាក់ និងដឹកជញ្ជូនស្បៀងរបស់ប្រមុខរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋដែលជាប់ការបិទខ្ទប់ និងបានចូលរួមក្នុងការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី តាមគោលការរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងកាពារជាតិ អគ្គបញ្ជាការ នៅក្នុងរាជធានីភ្នំពេញ ពិសេសគឺតំបន់ងាយរងគ្រោះ ដើម្បីបង្កា និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងមួយភាគទៀតបម្រេីការងារស្នូលនៅក្នុងអង្គភាព ហើយអ្នកទាំងនោះទាំងពេលកំពុងបំពេញការងារ និងបញ្ចប់ការងារត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ទើបអនុញ្ញាតឲ្យទៅជួបជុំក្រុមគ្រួសារ។
ឯកឧត្តម ក៏សូមសំណូមពរឲ្យបងប្អូនត្រូវមើលថែកូនចៅឲឱ្យបានល្អ និងអត់ធ្មត់ ទ្រាំការលំបាកក្នុងរយ:ពេលខ្លី ជាជាងរងនូវការលំបាកក្នុងរយ:ពេលយូរ។
សូមបញ្ជាក់ថា អំណោយដែលគ្រួសារកងទ័ពទទួលនាពេលនេះក្នុង១គ្រួសារៗ អង្ករ១០គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ និងម៉ាស់ចំនួន១០។ នេះជាលើកទី៣ផងដែរ ដែលគ្រួសារកងទ័ពទទួលអំណោយគ្រឿងឧបភោគ បរិភោគ ដែលលើកទី១អំណោយរបស់បញ្ជាការដ្ឋានទ័ពពិសេស និងលើកទី២អំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី៕
មតិយោបល់