នៅចំពោះមុខអ្នកសារព័ត៌មាន លោកនាយកអង្គការសុខភាពពិភពលោក បានគូសបញ្ជាក់ថា លោកយល់អំពីឆន្ទៈរបស់រដ្ឋាភិបាលដែលចង់ថ្នាំបង្ការប្រឆាំងកូវីដ១៩លើក្មេងៗ ប៉ុន្តែជំងឺកូវីដ១៩ នឹងសម្លាប់ជីវិតមនុស្ស នៅឆ្នាំ២០២១នេះត្រូវជាឆ្នាំទីពីរនៃការរាតត្បាតច្រើនជាងឆ្នាំ២០២០ ទៅទៀត។ ជាងមួយឆ្នាំដំបូងនេះ កូវីដ១៩បានឆក់ជីវិតមនុស្សអស់ ៣,៣លាននាក់រួចហើយ ដូច្នេះ គួរ“កុំទាន់អាលចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ឱ្យក្មេងៗ ដោយសុំបង្វែរថ្នាំបង្ការទាំងនេះ យកទៅធ្វើជំនួយ សម្រាប់យកទៅចែកចាយដល់ប្រទេសក្រីក្រ” តាមរយៈយន្តការអន្តរជាតិ កូវ៉ាក់ ដែលធានាសមភាពនៃចែកចាយថ្នាំបង្ការ។

តាំងពីប៉ុន្មានខែមកហើយ ដែលនាយកអង្គការសុខភាពពិភពលោក បានបរិហារនយោបាយជាតិនិយមរបស់់ប្រទេសមួយចំនួន។ ប្រឈមនឹងកង្វះថ្នាំបង្ការ ប្រទេសខ្លះរកតែថ្នាំសម្រាក់ឱ្យពលរដ្ឋងាយរងគ្រោះ និងបុគ្គលិកសុខាភិបាលមិនបានផង។ សហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបវិញ សន្យាថា ប្រជាពលរដ្ឋភាគច្រើននឹងទទួលបានថ្នាំបង្ការ នៅរដូវក្តៅខាងមុខ។ ចំណែកនៅប្រទេសជាច្រើនផ្សេងទៀត កំពុងផ្ទុះករណីឆ្លងថ្មីកើនឡើងយ៉ាងខ្លាំង ដូចយ៉ាង ឥណ្ឌា នេប៉ាល់ ស្រីលង្កា ឬបណ្តាប្រទេសនៅតំបន់អាមេរិកឡាទីន។

ប៉ុន្តែយន្តការកូវ៉ាក់ មានថ្នាំយ៉ាងតិចតួចណាស់ សម្រាប់ចែកចាយនៅត្រីមាសទី២នេះ។ ឥណ្ឌាដែលជាប្រទេសអ្នកផលិតវ៉ាក់សាំងសម្រាប់បំប៉នប្រព័ន្ធកូវ៉ាក់ បានសម្រេចផ្អាកការនាំចេញវ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតក្នុងស្រុក។ ក្រោមការអំពាវនាវរបស់អង្គការសុខភាពពិភពលោក បារាំងកាលពីដើមខែឧសភា បានសន្យាចែករំលែកវ៉ាក់សាំងអាស្ត្រាហ្សេនីកា ដែលខ្លួនមានចំនួន កន្លះលានដូសដល់កូវ៉ាក់។ ស៊ុយអែត ស្វីស ក៏បានសន្យាចែករំលែកឱ្យ១លានដូសដែរ៕
មតិយោបល់