(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បាននិយាយថា ចក្រភពអង់គ្លេសនឹងពន្លឿនកម្មវិធីចាក់វ៉ាក់សាំងបង្ការ COVID-19 របស់ខ្លួនដើម្បីព្យាយាមទប់ស្កាត់ការឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសបំប្លែងខ្លួនថ្មីដែលត្រូវបានគេរកឃើញដំបូងគេ នៅក្នុងប្រទេសឥណ្ឌា ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការបើកប្រទេសឡើងវិញទាំងស្រុង។

ចក្រភពអង់គ្លេសបានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 ដ៏លឿនបំផុតមួយនៅលើពិភពលោក ដោយបានផ្ដល់ការចាក់ដូសទី១ជូនដល់ ប្រជាជនពេញវ័យស្ទើរតែ ៧០ភាគរយហើយ និងដូសទី២ ប្រហែល ៣៦ភាគរយដែលជួយកាត់បន្ថយនូវអត្រាការឆ្លង និងការស្លាប់នៅក្នុងប្រទេស ផងដែរ។

ប៉ុន្តែការផ្ទុះឡើងនូវវីរុសបំប្លែងខ្លួនថ្មីដែលត្រូវបានគេរកឃើញដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា ឬគេស្គាល់ថាវីរុស B16172 នៅផ្នែកខ្លះនៃភាគខាងជើង ចក្រភពអង់គ្លេស និងទីក្រុងឡុងដ៍បានជំរុញឱ្យអ្នកវិទ្យាសាស្ត្រមួយចំនួនអំពាវនាវឱ្យពន្យារពេលការបើកឡើងវិញ និងពិចារណាអំពីល្បឿននៃ ការចាក់វ៉ាក់សាំងនេះ។

លោក Johnson បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃសុក្រសប្ដាហ៍នេះ ថា រដ្ឋាភិបាលនឹងពន្លឿនកម្មវិធីចាក់វ៉ាក់សាំងដូសទី២ ជូនដល់ប្រជាជនដែលមានអាយុលើសពី៥០ឆ្នាំ និងប្រជាជនដែល ងាយរងគ្រោះក្នុងរយៈពេលត្រឹមតែ ០៨សប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីការចាក់ដូសទី១ ហើយនឹងផ្តល់អាទិភាពចំពោះការចាក់ដូសទី១ ជូនដល់អ្នកដែលមិនទាន់ បានទទួលវា។

លោក Boris Johnson មានបំណង ដកចេញនូវវិធានការរឹតត្បិតទាំងអស់នៅថ្ងៃទី២១ ខែមិថុនាខាងមុខនេះ បន្ទាប់ពីអនុញ្ញាតឱ្យប្រជាជននៅ ចក្រភពអង់គ្លេសចាប់ផ្ដើមជួបជុំគ្នាជាក្រុមតូចៗ ក្នុងផ្ទះ និងធ្វើដំណើរទៅបរទេសឡើងវិញ៕
AFP៖ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១
មតិយោបល់