ព័ត៌មានជាតិ

ថ្ងៃចូលឆ្នាំថ្មី លួចម៉ូតូគេជិះដើរលេង មានអីត្រូវម្ចាស់ម៉ូតូប្រទះឃើញ ប្តឹងសមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួនតែម្តង

បន្ទាយមានជ័យ: កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួច(ម៉ូតូ)។

ប្រតិបត្តិការនេះ បានធ្វើទ្បើងកាលពីវេលាម៉ោង ៦ និង ១៥នាទីល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចសួនមានជ័យ(វេទិកាខេត្តចាស់) ស្ថិតក្នុងភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

ជនរងគ្រោះ ឈ្មោះ ម៉ា ស្រីវ៉ុន ភេទ ស្រី អាយុ ៥០ឆ្នាំ រស់នៅភូមិព្រៃគុប សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

តាមការបំភ្លឺរបស់ជនរងគ្រោះ នៅវេលាម៉ោង ១៩ និង ២០នាទី នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ សុក ចាន់ភ័ណ្ឌ បានមកជួលផ្ទះរបស់គាត់ ដើម្បីស្នាក់នៅហើយបានលួចយកម៉ូតូរបស់គាត់ ១គ្រឿង ម៉ាក ហុងដា MSX ស៊េរីឆ្នាំ២០១៧ ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ បន្ទាយមានជ័យ ១R-៦៦១០ រួចជិះគេចខ្លួនបាត់ ។ លុះដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ក្រុមគ្រួសាររបស់គាត់ បានមកដើរកម្សាន្ត នៅបរិវេណសង្រ្កានបន្ទាយមានជ័យ ស្ថិតនៅចំណុចសួនមានជ័យ ស្រាប់តែឃើញជនសង្ស័យ ជិះម៉ូតូដើរលេងនៅចំណុចទីកម្សាន្តនោះដែរ ក៏បានប្តឹងសមត្ថកិច្ច ដែលឈរជើងនៅទីនោះឲ្យឃាត់ខ្លួនតែម្តង ។

ក្រោយធ្វើការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានលួចយកម៉ូតូ ១គ្រឿង ខាងលើពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់