ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃសៅរ៍ ៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ តាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងមតិរបស់់លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ ៨ ១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨ ១៧ បានចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលព្រំដែនគីឡូ៩ ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨ ១៧ សហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកសំពៅលូន,

កម្លាំងយោធាវរសេនាតូចលេខ៥៣៣ និងកម្លាំងគយនិងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានទប់ស្កាត់ និងបង្ក្រាបការលួចនាំសាច់ជ្រូកខូចគុណភាព ចំនួន១៥០ គីឡូក្រាម ដែលឈ្មួញខិលខូចនាំចូលពីប្រទេសថៃចូលមកកម្ពុជាដោយខុសច្បាប់ ត្រង់ចំណុចនៃភូមិសាស្រ្តភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង រួចបានធ្វេីការដុតកំទេចចោលទាំងអស់ បានបញ្ចប់នៅវេលាម៉ោង ៩,៣០ នាទីព្រឹកថ្ងៃដដែល ៕


មតិយោបល់