(Reuter) នៅថ្ងៃពុធ អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកទៅលើតំបន់ហ្គាហ្សាដោយការវាយប្រហារតាមអាកាស និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានបន្តបាញ់រ៉ុក្កែតឆ្លងព្រំដែនដោយគ្មានសញ្ញាបទឈប់បាញ់ណាមួយដែលនឹងកើតមានឡើយ ទោះបីមានការអំពាវនាវជាអន្តរជាតិឲ្យបញ្ចប់ការប្រយុទ្ធគ្នាជាងមួយសប្តាហ៍ក៏ដោយ។
មេដឹកនាំអ៊ីស្រាអែលបាននិយាយថា ពួកគេកំពុងបន្តការវាយប្រហារប្រឆាំងនឹងក្រុមហាម៉ាស និងអ៊ីស្លាមជីហាត ប៉ុន្តែអ្នកនាំពាក្យយោធាអ៊ីស្រាអែលបានទទួលស្គាល់ថា ដោយសារតែគ្រាប់មីស៊ីលនិងកាំភ្លើងត្បាល់ប្រមាណ ១២.០០០ គ្រាប់នៅក្នុងឃ្លាំងអាវុធរបស់ហ្គាហ្សា “ពួកគេនៅតែមានគ្រាប់រ៉ុក្កែតគ្រប់គ្រាន់ដើម្បីបាញ់” ។
នគរបាលបាននិយាយថា កម្មករជនជាតិថៃ ០២នាក់ត្រូវបានសម្លាប់ និងមនុស្ស ០៧ នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារដោយគ្រាប់រ៉ុក្កែតមួយ ដែលស្ថិតក្នុងកសិដ្ឋានអ៊ីស្រាអែលមួយនៅលើព្រំដែនហ្គាហ្សា កាលពីថ្ងៃអង្គារ៍។ ក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប និងក្រុមជីហាតអ៊ិស្លាមបានអះអាងទទួលខុសត្រូវចំពោះហេតុការណ៍នេះ។
ការវាយប្រហារដោយគ្រាប់រ៉ុក្កែតក៏ធ្វើឡើងនៅឯទីក្រុង Ashdod, Ashkelon និង Beersheba ដែលនៅខាងជើងដែលមានចម្ងាយឆ្ងាយ ដោយបានធ្វើឱ្យអ្នកស្រុកទៅរកទីសុវត្ថិភាពពីការវាយប្រហារដែលបានអូសបន្លាយដល់ថ្ងៃអង្គារ៍។
មន្ត្រីសុខាភិបាលនៅហ្គាហ្សានិយាយថា ប្រជាជនប៉ាឡេស្ទីនចំនួន ២១៧ នាក់ត្រូវបានសម្លាប់ ដោយក្នុងនោះមានកុមារ ៦៣ នាក់ និងមនុស្សជាង ១៤០០ នាក់ផ្សេងទៀតបានរងរបួសចាប់តាំងពីការប្រយុទ្ធដែលចាប់ផ្តើមនៅថ្ងៃទី ១០ ខែឧសភា។ អាជ្ញាធរអ៊ីស្រាអែលបាននិយាយថា មនុស្សចំនួន ១២នាក់បានស្លាប់ រួមទាំងកុមារចំនួន០២នាក់ផងដែរ។
អ៊ីស្រាអែលបាននិយាយថា យន្តហោះរបស់ខ្លួនបានវាយប្រហារទៅលើផ្ទះដែលជាកម្មសិទ្ធិរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសជាច្រើនដែលត្រូវបានប្រើជាទីបញ្ជាការ ឬផ្ទុកអាវុធ។ សាក្សីបាននិយាយថា នៅព្រឹកថ្ងៃពុធកាំភ្លើងធំរបស់អ៊ីស្រាអែលបានបាញ់ទៅគោលដៅនៅភាគខាងត្បូងហ្គាហ្សាស្ទ្រីប។
ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិបាននិយាយថា អគារជិត ៤៥០ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបត្រូវបានបំផ្លាញ ឬខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយរួមមានមន្ទីរពេទ្យចំនួន ០៦ និងមណ្ឌលសុខភាពបឋមចំនួន ០៩ ចាប់តាំងពីពេលដែលជម្លោះបានចាប់ផ្តើម។ ប្រជាជនចំនួន ៤៨.០០០ នាក់ក្នុងចំណោម ៥២.០០០ នាក់ដែលបានផ្លាស់ទីលំនៅបានទៅសាលារៀនចំនួន ៥៨ ដែលដំណើរការ ដោយអង្គការសហប្រជាជាតិ។
អ៊ីស្រាអែលបាននិយាយថា គ្រាប់រ៉ុក្កែតជាង ៣.៤៥០ គ្រាប់ត្រូវបានបាញ់ចេញពីពីតំបន់ហ្គាហ្សា ដោយខ្លះបានធ្លាក់រយៈចំងាយខ្លី ហើយខ្លះទៀតត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារអាកាស Iron Dome របស់ខ្លួន ហើយបានសម្លាប់សកម្មប្រយុទ្ធប្រហែល១៦០នាក់ ៕
មតិយោបល់