ព័ត៌មានជាតិ

រដ្ឋអាជ្ញាអាមេរិក បាន​បើកការស៊ើបអង្កេតព្រហ្មទណ្ឌមួយទៀត បន្ថែមពីលើ​ការស៊ើបអង្កេតរដ្ឋប្បវេណី ទៅលើ​ក្រុមហ៊ុន​ Trump Organization

យោងតាមការចុះផ្សាយ របស់​កាសែត The New York Times លោកស្រី Letitia James រដ្ឋអាជ្ញារដ្ឋញូយ៉ក នឹងបន្តដឹកនាំការស៊ើបអង្កេតរដ្ឋប្បវេណី ហើយលោកស្រីនឹងបញ្ជូន រដ្ឋអាជ្ញារង​ ២នាក់ផ្សេងទៀត ឲ្យទៅចូលរួម ក្នុងការស៊ើបអង្កេតព្រហ្មទណ្ឌ ជាមួយ​ក្រុមការងាររដ្ឋអាជ្ញាតំបន់ ម៉ាន់ហាតាន់។

គួរបញ្ជាក់ថា Trump Organization គឺជាក្រុមហ៊ុនមេ ដែលប្រមូល​ផ្តុំ​ដោយ​ក្រុមហ៊ុនតូចៗរាប់រយផ្សេងទៀត ដែលសុទ្ធតែស្ថិតក្រោមការគ្រប់គ្រង របស់​លោកដូណាល់ ត្រាំ កូនៗលោក និងសមាជិកគ្រួសារលោក។ ក្រុមហ៊ុនទាំងនោះ មានរាប់ទាំង ក្រុមហ៊ុនអលនទ្រព្យ កាស៊ីណូ សណ្ឋាគារ ក្លឹបកំសាន្ត និង​ក្លឹបវាយកូហ្គោលជាដើម។

នៅឆ្នាំ២០១៨ លោក Cyrus Vance រដ្ឋអាជ្ញា​តំបន់ម៉ាន់ហាតាន់ ក្រុងញូយ៉ក បានបើកការស៊ើបអង្កេត​មួយ​លើក្រុមហ៊ុន ​Trump Organization ដោយផ្តោតសំខាន់ទៅលើ​ការចំណាយចាយវាយ នៅមុនពេលបោះឆ្នោតឆ្នាំ​២០១៦ ទៅស្រីកំណាន់២នាក់ របស់​លោកដូណាល់ ត្រាំ។ តែក្រោយ​មក ការស៊ើបអង្កេតនេះ បានបែកធ្លាយ​រហូតដល់ សំណុំរឿងសង្ស័យអំពីការបន្លំគេចពន្ធ បទល្មើសធនាគារ និង​បទល្មើសធានារ៉ាប់រងជាដើម។ ឆ្លងកាត់​នីតិវិធីយ៉ាងស្មុគស្មាញ ទីបំផុតនៅខែកុម្ភៈកន្លងទៅនេះ លោក​រដ្ឋអាជ្ញាម៉ាន់ហាតាន់ បានទទួលនូវឯកសារប្រកាសពន្ធ របស់លោកដូណាក់ ត្រាំ និងរបស់​ Trump Organization រយៈពេល​៨ឆ្នាំចុងក្រោយ។

ដោយឡែក លោកដូណាល់ ត្រាំ បានបដិសេធ រាល់ការចោទប្រកាន់ទាំងអស់ ហើយបានចាត់ទុកថា នេះគឺជាការស៊ើបអង្កែតបែបនយោបាយ ដើម្បីបំផ្លាញរូបលោក ព្រោះលោករដ្ឋអាជ្ញាតំបន់ម៉ាន់ហាតាន់ ក៏ដូចជាលោកស្រីរដ្ឋអាជ្ញារដ្ឋញូយ៉ក គឺសុទ្ធតែជាមនុស្ស​របស់គណបក្សប្រជាធិបតេយ្យ៕

 

 

មតិយោបល់