ព័ត៌មានជាតិ

តុលាការ សម្រេចឃុំខ្លួនក្រុមចោរឆក់វ័យក្មេង២នាក់ ខណៈម្នាក់រត់គេចខ្លួន

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចខណ្ឌចំការមន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក ឌុច សុខសារិន ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនក្រុមចោរឆក់ការបូប ២នាក់ ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ដើម្បីរង់ចាំបន្ដនីតិវិធីនាពេលក្រោយ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនត្រូវចោទទី១ឈ្មោះ សុខ ដាលុច្យ ភេទប្រុស អាយុ ១៥ឆ្នាំស្នាក់នៅផ្ទះលេខ៣០៤ សង្កាត់ អូរឬស្សី២ ខណ្ឌ៧មករា និងទី២ឈ្មោះ អ៊ី សុវ៉ាន់ថា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ២៧៧ សង្កាត់វាលវង់ ខណ្ឌ៧មករា ត្រូវបានលោក ខៀវ ផល្លា ជាតំណាងអយ្យការចោទប្រកាន់ពីបទ ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ១១៣ កែងផ្លូវ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន យោងតាមមាត្រា ២៧ មាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ។

សមត្ថកិច្ចបានបន្ថែមថា សំណុំរឿងនេះក្រៅពីជនត្រូវចោទទាំង២ នាក់ខាងលើ ក៏មានជនសង្ស័យម្នាក់ទៀតឈ្មោះ ដា ភេទស្រី អាយុ ២១ឆ្នាំ កំពុងរត់គេចខ្លួនផងដែរ។

ដោយឡែកជនរងគ្រោះជាជនបរទេសមានឈ្មោះ ANNE SESTON ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់នៅក្នុងសណ្ឋាគារ សារ៉ាវ៉ាន់ តាមបណ្ដោយផ្លូវ១៧៨ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ។

គួររំលឹកថា ក្រុមជនសង្ស័យខាងលើបានZoomer X មិនចាំស្លាកលេខ ធ្វើសកម្មភាពឆក់កាបូប ជនរងគ្រោះ ដែលកំពុងដើរ កាលពីវេលាម៉ោង៣ និង១០នាទីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ១១៣ កែងផ្លូវ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។

ក្រោយធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានជិះម៉ូតូដួល ក៏ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឱ្យសមត្ថកិច្ចបាន ២នាក់ និងម្នាក់ទៀតបានរត់រួច៕

https://youtu.be/67BBU5CYgUQ

មតិយោបល់