ព័ត៌មានជាតិ

ថៅកែក្លឹបម្នាក់​ និងបុគ្គលិក​ជាជនជាតិចិនចំនួន​ ១០នាក់​ ​ ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ​ និង​ភ្ញៀវចំនួន​៣៤នាក់​ទៀត ត្រូវបានពិន័យក្នុងម្នាក់​ចំនួន ៥លានរៀល​

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃ២២ ខែឧសភា​ ឆ្នាំ២០២១នេះ ថៅកែក្លឹបម្នាក់​ និងបុគ្គលិក​ជាជនជាតិចិនចំនួន​ ១០នាក់​ (​ ស្រី​ ២នាក់​ )​ ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ​ និង​ភ្ញៀវចំនួន​៣៤នាក់​ទៀត (ស្រី​១៨នាក់​ )​ ត្រូវបានពិន័យក្នុងម្នាក់​ចំនួន ៥លានរៀល​ ក្នុងប្រតិបត្តិការបង្ក្រាបក្លឹបកំសាន្តមួយកន្លែងក្នុងខណ្ឌបឹងកេងកង​ កាលពីយប់ថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២១​។

កិច្ចប្រតិបត្តិការណ៍បង្ក្រាបក្លឹបកំសាន្តមួយកន្លែងតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង កាលពីរំលងអធ្រាត្រយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វេីការឃាត់ខ្លួនមនុស្សសរុបចំនួន ៤៥នាក់ ( បញ្ជូនអ្នកពាក់ព័ន្ធចំនួន ១១នាក់​ ទៅតុលាការ និងពិន័យជាប្រាក់ក្នុងម្នាក់ចំនួន៥លានរៀល ចំនួន៣៤នាក់ ចំពោះអ្នកចូលកំសាន្តដែលល្មើសទៅនឹងបម្រាមរបស់រដ្ឋបាលរាជធានីភ្នំពេញ​ ស្តីពីការបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩​ ។

ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការឯកភាពពីលោក​ ប្លង់​ សុផល​ ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ​ កាលពីយប់រំលងអធ្រាតថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការចុះបង្ក្រាបទីតាំងក្លឹបមួយនៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ដោយបានធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន ៤៥នាក់ ដោយមានជនជាតិចិនចំនួន ២៦នាក់ (ស្រី ៧នាក់​ )​ ជនជាតិវៀតណាមចំនួន ៧នាក់ស្រី ជនជាតិកូរ៉េចំនួន០១នាក់ប្រុស ជនជាតិម៉ាឡេសុីចំនួន០១នាក់ប្រុស និងជនជាតិខ្មែរចំនួន ១០នាក់ ( ស្រី ៥នាក់​ )​ ព្រមទាំងបានដកហូតវត្ថុតាងមួយចំនួន និងសារធាតុញៀនសរុបចំនួន ៣៧៩.៣២​ ក្រាម​ និង​ ៨០​ មីលីលីត្រ​ ។

បន្ទាប់ពីដំណើរការធ្វើតេស្តរកមេរោគកូវីដ-១៩​ ដោយក្រុមគ្រូពេទ្យ ជាលទ្ធផលគឺអវិជ្ជមានទាំងអស់ ជំហ៊ានបន្ទាប់សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន​ បានធ្វើតេស្តរកសារធាតុញៀនរួចមក ជាលទ្ធផលបានរកឃើញអ្នកដែលមានវិជ្ជមានសារធាតុញៀនចំនួន ៦នាក់​ និងអ្នកពាក់ព័ន្ធ​ ចំនួន​៥នាក់ទៀតពាក់ព័ន្ធនឹងការប្រេីប្រាស់​ ចែកចាយ​ សារធាតុញៀន​ ហេីយសមត្ថកិច្ចកំពុងតែរៀបចំសំណុំរឿងបញ្ជូនជនទាំង១១នាក់នេះទៅតុលាការដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។

ចំណែកឯភ្ញៀវចំនួន​ ៣៤នាក់​ ( ស្រី​១៨នាក់)​ រួមមានជនជាតិចិន​ ១៥នាក់​ ជនជាតិវៀតណាម​ ០៧នាក់​ ជនជាតិខ្មែរ​ ១០នាក់​ ជនជាតិកូរ៉េ​ ១នាក់​ និងជនជាតិម៉ាឡេសុីម្នាក់​ ដែលបានទៅលេងនៅក្លឹបកំសាន្តនោះ ដែលល្មើសទៅនឹងវិធានការសុខាភិបាល គឺត្រូវបានធ្វើការពិន័យជាទឹកប្រាក់ចំនួន ៥លានរៀលក្នុងម្នាក់ និងបានធ្វើកិច្ចសន្យាណែនាំអប់រំឲ្យត្រឡប់ទៅគេហដ្ឋានវិញ ៕

 

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ

មតិយោបល់