គេត្រូវរង់ចាំដល់ទៅ ១២ថ្ងៃ និងមានមនុស្សស្លាប់ជាង ២៥០នាក់ទើបក្រុមប្រឹក្សាសន្តិសុខអាចអនុម័តជាឯកច្ឆន្ទលើសេចក្តីថ្លែងការណ៍រួមមួយស្តីពីជម្លោះចុងក្រោយរវាងអ៊ីស្រាអែល និងចលនាហាម៉ាសប៉ាឡេស្ទីន។ តាមពិតទៅ និងតាំងពីជម្លោះមួយនេះបានផ្ទុះជាថ្មីក្នុងថ្ងៃទី១០ ឧសភា ក្រុមប្រឹក្សាសន្តិសុខបានរួមប្រជុំគ្នាជាបន្ទាន់ចំនួន ៣ដងរួចមកហើយ។ គ្រាន់តែថា គ្រប់សេចក្តីថ្លែងការណ៍ទាំង ៣ដងត្រូវបានអាមេរិកខ្ទប់ទាំងអស់។ តែនៅក្នុងក្នុងកិច្ចប្រជុំលើកទី៤ នាថ្ងៃសៅរ៍ ទី២២ ឧសភា អាមេរិកលែងខ្ទប់ទៀតឡើយដោយសារតែខ្លួនបានទទួលដូចចិត្តលើអ្វីដែលខ្លួនបានទាមទារចង់បាន។

ការទាមទាររបស់អាមេរិកនោះ គឺសុំឲ្យលុបចោលនូវឃ្លាដែលលើកឡើងពីការព្រួយបារម្ភរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីអំពើហិង្សានៅទីក្រុងហ្សេរ៉ុយសាឡឹមខាងកើត ពិសេសនៅវិហារសាសនាអ៊ីស្លាម។ ទីបំផុតនៅក្នុងសេចក្តីថ្លែងការណ៍រួម ក្រុមប្រឹក្សាសន្តិសុខបានសាទរលើបទឈប់បាញ់ដែលបានចូលជាធរមានតាំងពីថ្ងៃទី២១ ឧសភាដោយបានអំពាវនាវឲ្យភាគីអ៊ីស្រាអែល និងចលនាហាម៉ាសប៉ាឡេស្ទីនគោរពពេញលេញលើបទឈប់បាញ់នោះ។ ទន្ទឹមគ្នានេះ សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ពីភាពបន្ទាន់ក្នុងការស្តារភាពស្ងប់ស្ងាត់ឡើងវិញ និងរម្លឹកពីសារៈសំខាន់ក្នុងការស្វែងរកសន្តិភាពពេញលេញរវាងអ៊ីស្រាអែល ប៉ាឡេស្ទីនតាមរយៈការបង្កើតរដ្ឋពីររស់ក្បែរគ្នាដោយមានព្រំដែនច្បាស់លាស់ និងទទួលស្គាល់ពីអន្តរជាតិ។
បន្ទាប់មក ក្រុមប្រឹក្សាសន្តិសុខក៏បានគូសបញ្ជាក់ពីតម្រូវការជំនួយមនុស្សធម៌ភ្លាមៗសម្រាប់ប្រជាជនស៊ីវិលប៉ាឡេស្ទីន ពិសេសអ្នករស់ក្នុងតំបន់ហ្កាហ្សា រួមទាំងគាំទ្រការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ឲ្យជួយកសាងតំបន់ហ្កាហ្សាឡើងវិញ។ គួររម្លឹកថា ជម្លោះផ្លូវអាវុធរវាងអ៊ីស្រាអែល និងពួកហាម៉ាសប៉ាឡេស្ទីនតំបន់ហ្កាហ្សារយៈពេលជាង ១០ថ្ងៃបានបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច ២៤៨នាក់នៅខាងប៉ាឡេស្ទីនដែលភាគច្រើនជាជនស៊ីវិល និងស្លាប់ ១២នាក់នៅខាងអ៊ីស្រាអែល៕
មតិយោបល់