ភ្នំពេញៈ ដោយមានការណែនាំពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការត្រួតពិនិត្យការអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក (អនុគណៈកម្មការទី២) កាលពីថ្ងៃ៧ ខែកញ្ញា ឆ្នាំ២០១៦ កន្លងមក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ចំពោះរថយន្តដឹកអ្នកដំណើរ ដឹកទំនិញ និងការប្រើប្រាស់គ្រឿងញៀនក្នុងចំណោមអ្នកបើកបរ។
នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានសហការជាមួយលោកឧត្តមសេនីយ៍ឯក ខៀវ សាម៉ន ប្រធានមន្ទីរប្រឆាំងគ្រឿញៀន និងប្រធានសមាគមដឹកជញ្ជូនទំនិញ និងអ្នកដំណើរ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនដល់ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរ ដឹកជញ្ជូនទំនិញ និងម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនដើម្បីពិភាក្សារកដំណោះស្រាយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ចំពោះរថយន្តដឹកជញ្ជូនអ្នកដំណើរ និងទំនិញ។
ជាចុងក្រោយនៃកិច្ចប្រជុំ ទាំងប្រធានសមាគមដឹកទំនិញ ដឹកអ្នកដំណើរ និងតំណាងក្រុមហ៊ុនទាំង២៥ បានគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចប្រជុំនេះ និងបានសំណូមពរឲ្យឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា រៀបចំកិច្ចប្រជុំទៀងទាត់រៀងរាល់៣ខែម្តង និងសំណូមពរឲ្យបង្កើត Group WhatsApp និង Telegram ដើម្បីងាយស្រួលក្នុងការផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក បានឆាប់រហ័ស និងបង្កើត Facebook Page សម្រាប់ទទួលយក និងដោះស្រាយចម្ងល់របស់ប្រជាពលរដ្ឋពីការអនុវត្តច្បាប់ចរាចរណ៍៕
មតិយោបល់