“នៅសហរដ្ឋអាមេរិក អ្នកខ្លះបានផ្សព្វផ្សាយគំនិតឃុបឃិត ខ្លះបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឱ្យគេជឿថាមេរោគកូវីដ១៩ធ្លាយចេញមន្ទីរពិសោធន៍”។ នេះជាសំដីរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ស្ហាវ លីជៀន Zhao Lijianទៅកាន់អ្នកសារព័ត៌មាន។
បើតាមលោក ស្ហាវ ដោយមានរបាយការណ៍របស់ភ្នាក់ងារចារកិច្ចអាមេរិក ជាសំអាង សារព័ត៌មាន Wall Street Jounal បានថែមទាំងចុះផ្សាយថាមានអ្នកស្រាវជ្រាវចិនបីនាក់ ធ្វើការនៅក្នុងមន្ទីរពិសោធន៍ក្រុងវ៉ូហាន បានធ្លាក់ខ្លួនឈឺ ចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដោយមានរោគសញ្ញាស្រដៀងនឹងរោគកូវីដ១៩ កាលពីខែវិច្ឆិកា ២០១៩ ពោលគឺមួយខែមុនការផ្ទុះជំងឺរាតត្បាតជាផ្លូវការ។ កាសែតអាមេរិកដដែលនេះក៏បានបញ្ជាក់ផងដែរ ថាអាការៈសញ្ញានោះក៏អាចជាសញ្ញារោគនៃជំងឺរដូវដែរ។ ដូច្នេះបើសហរដ្ឋអាមេរិកចង់មានតម្លាភាព ពិតប្រាកដ អាមេរិកគួរតែធ្វើដូចចិន ដោយអញ្ជើញអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក ទៅអង្កេតនៅមូលដ្ឋានទ័ព Fort Detrick និងគ្រប់មន្ទីរពិសោធន៍ជីវសាស្ត្រ នៅលើពិភពលោក។ នេះបើតាមការបកស្រាយរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនដដែល។
មានទីតាំងនៅជិតទីក្រុងវ៉ាស៊ីនតោន មូលដ្ឋានទ័ពFort Detrick អាមេរិក ជាមន្ទីរពិសោធន៍ដែលកំពុងសិក្សាស្រាវជ្រាវប្រយុទ្ធប្រឆាំងនឹងភេរវកម្មជីវសាស្ត្រ។
សូមបញ្ជាក់ថា ប្រតិកម្មរបស់ចិនធ្លាក់មកជួនចំពេលដែលសេណារីយ៉ូនៃការលេចធ្លាយមេរោគកូវីដ១៩ពីមន្ទីរពិសោធន៍ក្រុងវ៉ូហាន បានផុសផុលជាថ្មី នៅសហរដ្ឋអាមេរិកផង និងក្រោយពីបណ្តាប្រទេសជាច្រើនរាប់ទាំងសហគមន៍អ្នកវិទ្យាសាស្ត្រផង បានអំពាវនាវ នៅលើវេទិកាមហាសន្និបាតប្រចាំឆ្នាំលើកទី៧៤ ឱ្យអង្គការសុខភាពពិភពលោកបន្តបើកអង្កេតស៊ីជម្រៅរកប្រភពកូវីដ។
ក្រោយបេសកកម្មបួនសប្តាហ៍នៅវូហាន កាលពីខែមករា អ្នកជំនាញអង្គការសុខភាពពិភពលោកបានចេញរបាយការណ៍នៅខែមីនា ថាដូចជាពុំអាចមានសេណារីយ៉ូធ្លាយមេរោគពីមន្ទីរពិសោធន៍ទៅកើតទេ។ តែរដ្ឋបាលអាមេរិក សម័យលោកត្រាំ ជឿលើគំនិតនេះខ្លាំងណាស់ ហើយភ្នាក់ងារចារកិច្ចអាមេរិកបានអះអាងកាលពីខែមីនាដែរ ថាមិនគួរមើលរំលងសេណារីយ៉ូនេះទេ៕
មតិយោបល់