ព័ត៌មានជាតិ

WHO៖ បាន​សម្រេច ​មិន​បញ្ចូល​ប្រទេស​មីយ៉ាន់ម៉ា​ទៅ​ក្នុង​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សុខភាព​ពិភពលោក​នោះ​ទេ

ដោយ​ភាព​មិន​ច្បាស់លាស់​ថា​តើ​ភាគី​ណា​មួយ​គួរ​ត្រូវ​ទទួល​ស្គាល់ថា​ជា​តំណាង​ស្រប​ច្បាប់របស់​ប្រទេស​មីយ៉ាន់ម៉ា​ក្រោយរដ្ឋប្រហារ​យោធា​កាលពី​ខែ​កុម្ភៈ​នោះ​សមាជិក​អង្គការ​សុខភាព​ពិភពលោក​បាន​សម្រេច​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ដោយ​មិន​បញ្ចូល​ប្រទេស​មីយ៉ាន់ម៉ា​ទៅ​ក្នុង​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សុខភាព​ពិភពលោក​នោះ​ទេ។

មហាសន្និបាត​សុខភាព​ពិភពលោក​លើក​ទី​៧៤​នេះ​បាន​ទទួល​សំណើ​សុំ​ចូល​រួមពីភាគី​ទាំង​ពីរ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​គឺរដ្ឋាភិបាល​ស៊ីវិល​ដែល​ត្រូវ​បាន​យោធា​ទម្លាក់​ចេញ​ពី​អំណាច​និង​របប​យោធា​ដែល​ឡើង​គ្រប់គ្រង​អំណាចបច្ចុប្បន្ន​តាម​រយៈ​ការ​ធ្វើ​រដ្ឋប្រហារ​កាល​ពី​ជិត​៤ខែ​មុន​ដើម្បី​ធ្វើ​ជា​តំណាង​នៅ​ក្នុង​មហា​សន្និបាត​នេះ។

មហា​សន្និបាត​សុខភាព​ពិភពលោកដែលជា​ស្ថាប័នសម្រេច​ចិត្ត​លើ​បញ្ហា​សំខាន់ៗ​របស់​អង្គការ​សុខភាព​ពិភពលោក​នោះ​បាន​បើក​កិច្ច​ប្រជុំប្រចាំ​ឆ្នាំរបស់​ខ្លួន​ចាប់​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ហើយ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​១​ខែ​មិថុនា​ខាង​មុខនេះ។​កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់បំផុត​មួយ​ខណៈ​ពេល​ដែលជំងឺ​រាត​ត្បាត​កូវីដ​១៩​នៅ​កំពុង​បន្ត​កើត​មាន​នៅ​ឡើយ។

មាន​ការ​អំពាវនាវ​ជាទូទៅឲ្យ​ធ្វើ​កំណែ​ទម្រង់ទីភ្នាក់ងារ​សុខភាពរបស់​អង្គការ​សហប្រជា​ជាតិ​ក៏​ដូច​ជា​ការរក​វិធីសាស្ត្រជា​សាកល​ណា​មួយក្នុង​ការ​ការពារ​សុខភាពមនុស្ស​ជាតិ​និង​ដើម្បី​ជៀសវាង​គ្រោះ​មហន្តរាយ​ក្នុង​ពេល​អនាគត៕

 

 

មតិយោបល់