ព័ត៌មានជាតិ

​លោក Zinedine Zidane បានសំរេច​ចាកចេញ​ពី​Real Madrid ជា​លើក​ទី២

​អ្នកចាត់ការ​សញ្ជាតិ​បារាំង ​លោក Zinedine Zidane បានសំរេច​ចាកចេញ​ពី​តំណែង​នៅ Real Madrid ជា​លើក​ទី២ ក្នុង​អាជីព​។ ​Real Madrid ខកខាន​មិន​ឈ្នះ​ពាន​ណា​មួយ​ឡើយ​ក្នុង​រដូវ​កាល​នេះ​ដោយ La Liga របូត​ទៅ​ក្រុម​ប្រជែង​ក្នុង​ទីក្រុង Atletico Madrid ដោយ​ចាញ់​គ្នា​តែ ២ពិន្ទុ​។

 

​​Real Madrid បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការ​របស់ខ្លួន​ថា ​ក្លិប​គោរព​តាម​ការសំរេចចិត្ត​រប​ស់ Zidane និង​អរគុណ​បុរស​សញ្ជាតិ​បារាំង​រូបនេះ​ ក្នុង​រយៈពេល​ជាមួយគ្នា​កន្លងមក​។ ​អតីត​ខ្សែប្រយុទ្ធ​បារាំង​វ័យ ៤៨ឆ្នាំ​ដែល​ធ្លាប់ជា​កីឡាករ​នៅ Real Madrid នេះ​ពី​ឆ្នាំ២០០១-២០០៦ ធ្លាប់បាន​ដឹកនាំ​ក្រុម​ឈ្នះ​ជើងឯក UEFA Champions League ៣រដូវ​កាល​ជាប់​គ្នា និង La Liga ម្តង​ក្នុងពេល​ដឹកនាំ​ក្រុម​លើក​ទី១ ចន្លោះ​ឆ្នាំ២០១៦-២០១៨​។​ ​នៅ​ខែឧសភា​ឆ្នាំ២០១៨ Zidane បានសំរេច​ចិត្ត​ចាកចេញ​តែ​ក៏បាន​វិល​មកវិញ ១០ខែ​កន្លងមក និង​បាន​ដឹកនាំ​ក្រុម​ឈ្នះ​ជើង​ឯក La Liga រដូវ​កាល​មុន​។ ​​នេះ​ជា​រដូវ​កាល​ដំបូង​ដែល Real Madrid ខកខាន​មិន​ឈ្នះ​ពាន​ណាមួយ​សោះ​ក្នុង​រដូវ​កាល ​លើកដំបូង​គិត​តាំងពី​ឆ្នាំ២០០៩-១០​។​

​​ក្រៅពី​បាត់បង់​ពាន La Liga ទៅ Atletico Madrid, Real Madrid បាន​ធ្លាក់​ពី Copa del Rey ចាញ់​ក្រុម​នៅ​លី​គទី ៣ Alcoyano និង​ចាញ់ Chelsea ធ្លាក់​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Champions League​។​ ​កាលពី​ពាក់កណ្តាល​រដូវ​កាល​កន្លងមកនេះ​ មាន​សារព័ត៌មាន​ចុះផ្សាយ​ថា Zidane នឹង​ចាក​ចេញពី Real Madrid នៅ​ដំណាច់​រដូវ​កាល​នេះ​ តែ​ក្រោយមក​បុរស​សញ្ជាតិ​បារាំង​រូបនេះ​ច្រានចោល​ព័ត៌មាន​៕

មតិយោបល់