(បរទេស)៖ អ្នកគាំទ្រនៅតែសប្បាយរីករាយក្នុងការទស្សនា ខ្សែភាពយន្តហូលីវូដដ៏ល្បី James Bond 007 ដដែល ព្រោះរឿងនេះនៅតែបន្តផលិត និងចាក់បញ្ចាំង ត្បិតថាថ្មីៗនេះក្រុមហ៊ុន Amazon បានទិញយកស្ទូឌីយូ MGM ដែលជាកន្លែងផលិតរឿងនេក៏ដោយ។
បើតាមការចេញផ្សាយរបស់សារព័ត៌មាន The Straits Times នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមការងារផលិតខ្សែភាពយន្ត James Bond 007 នៅតែប្តេជ្ញាបន្តផលិតខ្សែភាពយន្ត James Bond ដដែល ដើម្បីទស្សនិកជនទូទាំងពិភពលោកបានទស្សនា។
ជាការកត់សម្គាល់ បច្ចុប្បន្ននេះក្រុមហ៊ុនផលិតភាពយន្តធំៗនិងល្បីៗស្ទើរតែទាំងអស់ បានផ្តោតទៅរកប្រាក់ចំណូលតាមប្រព័ន្ធអនឡាញវិញ ពោលចាប់តាំងពីមានវិបត្តិរាតត្បាតជំងឺកូវីដ-១៩មក ខណៈកាលពីមុនផ្តោតទៅលើសេវាកម្មតាមរោងកុន។ ទោះជាបែបនេះក្តី នៅពេលរោងកុនចាប់ផ្តើមបើកដំណើរការឡើងវិញ ខ្សែភាពយន្តដែលបានចាក់បញ្ចាំងក្នុងរោងកុនរួចហើយ ត្រូវបានលក់សិទ្ធបន្តដើម្បីចាក់បញ្ចាំងតាមអនឡាញដូចជានៅលើ Netflix, Disney+, Apple TV+ និង Amazon Prime ជាដើម។
គួរជម្រាបថា នៅថ្ងៃពុធសប្តាហ៍នេះ ក្រុមហ៊ុនលក់ទំនិញយក្ស Amazon បានសម្រេចជាផ្លូវការទិញយកក្រុមហ៊ុន MGM ដែលជាស្ទូឌីយោផលិតភាពយន្ត James Bond 007 ក្នុងតម្លៃ ៨.៤៥ពាន់លានដុល្លារអាមេរិក ខណៈការទិញនេះបន្ទាប់ពីក្រុមហ៊ុន MGM មានគម្រោង ប្រកាសលក់ក្រុមហ៊ុន និងបានប្រកាសស្វែងរកប្រភពទុនវិនិយោគថ្មី៕
មតិយោបល់